ចិនបញ្ចេញរថភ្លើងផលិតពីកាបូន Fiber ដំបូងបង្អស់លើពិភពលោក
ប៉េកាំង៖ ប្រទេសចិនបានបើកបង្ហាញរថភ្លើងដឹកអ្នកដំណើរដំបូងបង្អស់របស់ពិភពលោក ដែលផលិតពីសរសៃកាបូនហ្វាយបឺរ ជាគ្រឿងបរិក្ខាដែលគេស្គាល់ថា មានទម្ងន់ស្រាល និងសន្សំសំចៃថាមពលបានច្រើនជាងមុន។
រថភ្លើងក្រោមដីដែលមានឈ្មោះថា Cetrovo 1.0 ឬ Carbon Star Rapid Transit ត្រូវបានគេដាក់បង្ហាញនៅទីក្រុង Qingdao ខេត្ត Shandong កាលពីថ្ងៃពុធសប្តាហ៍នេះ។
តួរថភ្លើងទាំងមូលត្រូវបានផលិតឡើងពីវត្ថុធាតុដើមដែលមានសរសៃកាបូន។ ការនេះធ្វើឱ្យរថភ្លើង Cetrovo ស្រាលជាងរថភ្លើងធម្មតាប្រមាណ ១១ភាគរយ។
ការកាត់បន្ថយទម្ងន់នេះដែរ នឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពល ៧ភាគរយក្នុងមួយឆ្នាំ ដែលស្មើនឹងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតប្រហែល ១៣០តោនក្នុងមួយឆ្នាំ ឬស្មើនឹងការដាំកូនឈើនៅលើផ្ទៃទំហំ ១០០ហិកតា។ លើសពីនេះ រថភ្លើង Cetrovo ក៏ត្រូវបានរចនាឡើងដើម្បីបង្កើនល្បឿនអតិបរមាដល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងល្បឿនមធ្យមរបស់រថភ្លើងបច្ចុប្បន្ន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថភ្លើងបើកបរដោយខ្លួនឯងនេះទៀតសោត អាចមានសមត្ថភាពរក្សាសុវត្ថិភាពនៅពេលរត់លើផ្លូវកោង ឬចោត ហើយក៏អាចដំណើរការស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុពិបាកៗផងដែរ។ រថភ្លើង Cetrovo ក៏មានបំពាក់នូវប្រព័ន្ធប្រកាសអាសន្នប្រឆាំងនឹងការប៉ះទង្គិចដ៏ឆ្លាតវៃ និងប្រព័ន្ធចាប់យកឧបសគ្គ ដែលវានឹងផ្ញើការជូនដំណឹងដោយស្វ័យប្រវត្តិ និងបញ្ឈប់រថភ្លើងភ្លាមៗក្នុងករណីមានអាសន្ន។
រថភ្លើងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Qingdao Sifang Rolling Stock Company ដែលជាសាខានៃសាជីវកម្មសំណង់ផ្លូវដែកចិន រថភ្លើងក្រោមដីប្រកប។ ក្រុមហ៊ុននេះបានសាកល្បងដំណើរការរថភ្លើងនៅក្នុងរោងចក្រដោយជោគជ័យ ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅទីក្រុង Qingdao នៅចុងឆ្នាំ២០២៤នេះ៕
ប្រភព៖ newsbytesapp ប្រែសម្រួលដោយ៖ ឈឹម ទីណា