មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១៩
បន្ទាយមានជ័យ៖ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានជំរុញដល់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបន្តផ្ដល់សេវាសុខាភិបាលឱ្យបានល្អដល់អ្នកជំងឺ ដែលជាការបង្កើនជំនឿជាក់ពីប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់វិស័យសុខាភិបាល។ការលើកឡើងនេះក្នុងឱកាសប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១៩។
កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនាមន្ទីរសុខាភិបាលបានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្ត្រលើកទី១៩ដោយមានការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស និងសមាជិកសមាជិកាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបន្ទាយមានជ័យទូទាំងខេត្ត។
លោក ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអះអាងថាការប្រារព្ធទិវានេះឡើងដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែមពីវេជ្ជសាស្ត្រថ្មីៗក្នុងសម័យបច្ចេកវិទ្យាទំនើប តាមរយៈ ការផ្ដល់បទពិសោធន៍ឬបទបង្ហាញពីលោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស។ជាមួយគ្នានេះលោកក៏បានដាស់តឿនដល់គ្រូពេទ្យទាំងអស់ប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ។
ចំណែកលោកសាស្ត្រាចារ្យ ស្រួ យីហោ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជាបានជំរុញដល់មណ្ឌលសុខភាព មន្ទីរពេទ្យ និងសេវាសុខភិបាលឯកជនត្រូវខិតខំយកចិត្តទុកដាក់លើការផ្ដល់សេវាខាភិបាលឱ្យបានល្អប្រសើរទ្វេឡើងឬការពិនិត្យព្យាបាលអ្នកជំងឺមានគុណភាព ស័ក្តិសិទ្ធភាព។សំខាន់បំផុតក្នងនាមជាគ្រូពេទ្យ ដំបូងគឺជួយពិនិត្យព្យាបាលអ្នកជំងឺជាមុនសិន កុំទាន់និយាយរឿងថ្លៃសេវា ដែលសកម្មភាពទាំងអស់នេះបានផ្ដល់ទំនុកចិត្តនិងការជឿជាក់ពីប្រជាពលរដ្ឋលើការផ្ដល់សេវាសុខាភិបាលរបស់យើងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រហើយក៏ជាការលើកកម្ពស់វិស័យសុខាភិបាលផងដែរ ។
លោកវេជ្ជបណ្ឌិតឯកទេស គៀត ម៉េងហ៊ាង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យសេវាសុខាភិបាលមាន៦០០កន្លែង កំពុងដំណើរការពិនិត្យនិងព្យាបាលជំងឺ៕
ដោយ៖គៀន ច័ន្ទហ៊ីន