អាជ្ញាធរខេត្តកំពតជំរុញឱ្យគ្រប់ភាគីចូលរួមលើកកម្ពស់វិស័យកីឡា
កំពត៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានខេត្តកំពតលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានអធិប្បាយថា វិស័យអប់រំកាយ និងកីឡាបានរួមចំណែកលើកកម្ពស់សុខភាពនិងសុខុមាលភាពសិស្សនិស្សិតប្រជាពលរដ្ឋគ្រប់រូប និងកាត់បន្ថយនូវភាពអសកម្មផ្សេងៗក្នុងសង្គម ជាពិសេសការប្រើប្រាស់គ្រឿងញៀនជាដើម។
លោក ខៀវ រិទ្ធិភ័ណ្ឌ បានបន្តថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចបានចាត់ទុកថាការងារអប់រំកាយ និងកីឡាបានដើរតួយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ធ្វើឱ្យវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបាននូវការចាប់អារម្មណ៍ ,ការចូលរួមគាំទ្រច្រើនពីយុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមានដោយទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
សូមជម្រាបថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពតមាន៣ប្រភេទកីឡា ៖១-កីឡាបាល់ទាត់ ១២ ក្រុម, ២-កីឡាបាល់បោះ ៥ ក្រុម និង ៣-កីឡាប៉េតង់ ២០ក្រុម សរុបកីឡាករ-កីឡាការិនីដែលបានចូលរួមប្រកួតទាំងអស់ចំនួន ៣៦៦នាក់(ស្រី២០នាក់)។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជើងឯកបាល់ទាត់មហាជនខេត្តកំពត ២០២៤ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករក្លិបកំពង់សំរោង ,លេខ២ ក្លិបបូកគោ និងទី៣ក្លិបបូរីរ៉ាត់FC៕ដោយ៖ សិលា សារិន