អាជីវករលក់ផ្លែឈើក្នុងខេត្តកំពតរីករាយ ព្រោះកំពុងមានទីផ្សារ
កំពត៖ ផ្លែឈើជាច្រើនមុខដូចជា ទុរេន មង្ឃុត សាវម៉ាវ ក្រូចថ្លុង ដូងក្រអូប ដែលជាផលិតផលក្នុងខេត្តកំពុងមានទីផ្សារល្អ ។ផល្លានុផលទាំងនេះមានភ្ញៀវទេសចរជាតិ អន្តរជាតិទិញផ្ទាល់នៅកន្លែងផង និងនាំចេញទៅកាន់បណ្ដាខេត្តនានាផង។សកម្មភាពរស់រវើកនេះត្រូវបានអ្នកលក់ដូរមើលឃើញថា អាស្រ័យដោយសារការអភិវឌ្ឍខេត្តបង្កើតការទាក់ទាញ និងការជំរុញការដាំដុះពីថ្នាក់ដឹកនាំខេត្តផង។
ប្រាប់ទូរទស្សន៍អប្សរាក្រុមអាជីវករផ្លែឈើក្នុងក្រុងកំពតបានបញ្ជាក់ថា ក្រោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្កើតឱ្យមានតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តស្អាតៗ បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកសម្រាកកម្សាន្តកាន់តែច្រើន ហើយបានធ្វើឱ្យការលក់ដូររបស់ពួកគាត់ដាច់ជាងមុន។
ក្រុមអាជីវករបានបន្តថា ពីមុនក្នុងមួយថ្ងៃកន្លែងលក់ដូរផ្លែឈើបោះដុំធំៗ ក្នុងមួយថ្ងៃលក់បានប្រមាណតែមួយតោន ទៅ ពីតោនតែប៉ុណ្ណោះទាំងលក់រាយ និងលក់ដុំសម្រាប់ផ្លែទុរេនកំពត តែក្រោយខេត្តកំពតមានសមិទ្ធផលទេសចរណ៍ច្រើនកន្លែង ពិសេសរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ពួកគាត់អាចលក់បានក្នុងមួយថ្ងៃពីបីទៅបួយតោន។
ចំណែកឯអាជីវករដែលលក់ផ្លែទុរេននៅតំបន់ត្រីសេះសមុទ្របាញ់ទឹកបានប្រាប់ថា កាលពីមុនក្នុងមួយថ្ងៃលក់បានពី១០ ទៅ ២០គីឡូប៉ុណ្ណោះ តែសព្វថ្ងៃលក់បានចន្លោះពី៤០ ទៅ ៥០គីឡូសម្រាប់ថ្ងៃចុងសប្តាហ៍។រាល់ការលក់ដូរគឺពួកគាត់បង្ហាញពីភាពស្មោះត្រង់អំពីប្រភពនៃផ្លែឈើ ហើយរក្សាតម្លៃនៅសមរម្យទៅតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តកំពត ដែលតម្រូវឱ្យអាជីវករទាំងអស់ប្រើប្រាស់ភាពស្មោះត្រង់ជាមួយភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត។
ចំណែកក្រុមអាជីវករលក់ផ្លែដូងក្រអូប នៅតាមបណ្តោយផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ឯណោះវិញនិយាយថា បច្ចុប្បន្នការលក់ដូររបស់ពួកគាត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ។កាលពីមុនខេត្តកំពតមិនទាន់មានកន្លែងកម្សាន្ត និងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ក្នុងមួយថ្ងៃពួកគាត់លក់ដូងបានប្រមាណតែ៥០ ទៅ ៦០ផ្លែប៉ុណ្ណោះ តែឥឡូវខេត្តមានភ្ញៀវមកលេងកម្សាន្តច្រើន ពួកគាត់អាចលក់បានចន្លោះពី ១០០ផ្លែ ទៅ ២០០ផ្លៃសម្រាប់ថ្ងៃចុងសប្តាហ៍។ ក្រុមអាជីវករបានបន្តថា ផ្លែដូងក្រអូបដែលដាំដោយកសិករផ្ទាល់នៅចម្ការតាមភូមិ ពីមុនពុំសូវមានអ្នកទិញទុករហូតទុំជ្រុះពេញដី តែមកដល់បច្ចុប្បន្នពួកគាត់សប្បាយចិត្តឡើងវិញ ដោយផ្លែដូងមានតម្រូវការច្រើន ហើយពេលខ្លះស្ទើតែរកផ្លែដូងលក់ឱ្យភ្ញៀវមិនគ្រាន់។
ខេត្តកំពតក្រោយពីមានការអភិវឌ្ឍលើវិស័យទេសចរណ៍ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តមានភាពល្អប្រសើ សេវាស្នាក់នៅត្រូវបានសាងសង់បន្ថែមជាបន្តបន្ទាប់ បឹងហ្គាឡូ រីស៊ត រីកដុះដាលដូចផ្សិតក្នុងក្រុង និងតាមតំបន់ផ្សេងៗក្នុងខេត្តដែលមានសក្តានុពលលើផ្នែកទេសចរណ៍ ពិសេសបានធ្វើឱ្យកសិផល ផលនេសាទសមុទ្រ របស់ប្រជាកសិករ និងប្រជានេសាទ បានលក់ដូរនៅនឹងកន្លែង ដែលធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែបញ្ជាក់ជាសាធារណៈថា រាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ ព្រមទាំងទីតាំងផ្សេងៗដែលបម្រើឱ្យវិស័យទេសចរណ៍ មានគោលដៅធំតែមួយគត់ គឺផ្តោតទៅលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការទទួលបានចំណូលពីវិស័យដ៏សំខាន់មួយនេះ៕
ដោយ៖ សិលា សារិន