នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បញ្ជាឱ្យស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងនៃការបំផ្លាញធនធានធម្មជាតិ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់
កំពង់ធំ៖នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសណ្ដាន់ បានដាក់បទបញ្ជាដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីស្ថាប័នជំនាញ និងឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ត្រូវដឹកនាំឱ្យស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងនៃការបំផ្លាញធនធានធម្មជាតិ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។
បទបញ្ជានេះបានបញ្ជាក់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នៅសាលាស្រុកសណ្ដាន់ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកងរាយការណ៍ពីសកម្មភាពក្រុមការងារចុះមូលដ្ឋានស្រុក សណ្ដាន់ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ ពិសេសនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដោយបានការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្រ្ទានជាថ្មី ហើយផ្ទៃដីដែលជនល្មើសបានកាប់ទន្ទ្រានរួច កងកម្លាំងចម្រុះដែលមានស្ថាប័នជំនាញពាក់ព័ន្ធកំពុងគ្រប់គ្រង និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ។
ឯកឧត្ត ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កោតសរសើរ កងកម្លាំងចម្រុះ ដែលលទ្ធផលទទួលបានល្អ និងដាក់បទបញ្ជាឱ្យការពារទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន ព្រមទាំងត្រូវវែកមុខរកជនល្មើស ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ទោះបីមានបុណ្យសក្តិ និងអំណាចប៉ុណ្ណាក៏ដោយ ដើម្បីចាត់ការតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ។លោកក៏ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រៀបចំការដាំដើមឈើនៅលើដី ដែលបានកាប់ទន្ទ្រានដោយខុសច្បាប់កន្លងមក ដើម្បីគ្រប់គ្រងដីធ្លីជារបស់រដ្ឋ និងធ្វើឱ្យធនធានធម្មជាតិ បានល្អប្រសើរឡើងវិញ ៕
ដោយ៖ ប៊ុន រដ្ឋា