ក្រុមរដ្ឋឥស្លាម IS សម្លាប់មនុស្សជាង ៤ពាន់នាក់ មុនពេលត្រូវកម្ទេចនៅស៊ីរី

បេរូត៖ អ្នកឃ្លាំមើលសង្គ្រាមបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សជិត ៤,១០០នាក់នៅក្នុងទឹកដីស៊ីរី ចាប់តាំងពីឆ្នាំ ២០១៩ មុនពេលដែលក្រុមភេរវករនេះបានបាត់បង់ទីតាំងរឹងមាំចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយនៅក្នុងរបាយការណ៍មួយថា ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម IS បានសម្លាប់មនុស្សប្រហែល ៤,១០០នាក់ នៅក្នុងប្រតិបត្តិការជាង ២,៥៥០នាក់ក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមខ្លួនចាប់តាំងពីឆ្នាំ ២០១៩មក។ ក្រុមសង្កេតការណ៍ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបន្ថែមថា ជនរងគ្រោះបាត់បង់ជីវិតភាគច្រើនជាទាហាន អ្នកស្មោះត្រង់នឹងរដ្ឋាភិបាល និងយុទ្ធជនដែលដឹកនាំដោយជនជាតិឃឺដ ប៉ុន្តែចំនួនអ្នកស្លាប់ក៏មានជនស៊ីវិលចំនួន ៦២៧នាក់ផងដែរ។

បើតាមរបាយការណ៍ដដែល ពួករដ្ឋឥស្លាមនេះក៏បានរងការខាតបង់ធ្ងន់ធ្ងរផងដែរ ដោយបានបាត់បង់យុទ្ធជនប្រយុទ្ធរបស់ខ្លួនជាង ២,០០០នាក់ រួមទាំងមេដឹកនាំកំពូលចាប់តាំងពីឆ្នាំ ២០១៩មក។ រីឯរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីខែមករា បានឱ្យដឹងដែរថា កម្លាំងរួមរបស់ពួកឥស្លាម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី មានយុទ្ធជនចន្លោះពី ៣,០០០ ទៅ ៥,០០០នាក់។

គួរបញ្ជាក់ថា ក្រុមរដ្ឋឥស្លាម IS បានវាយលុកទឹកដីស៊ីរី និងអ៊ីរ៉ាក់នៅក្នុងឆ្នាំ ២០១៤ និងចាប់ផ្តើមរជ្ជកាលភេរវកម្មនៅក្នុងខែមិថុនានៃឆ្នាំនោះ។ ហើយនៅក្នុងខែមីនា ឆ្នាំ ២០១៩ ក្រុមរដ្ឋឥស្លាមបានបាត់បង់ទឹកដីចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយសារតែយុទ្ធនាការយោធាដឹកនាំដោយជនជាតិឃឺដគាំទ្រដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner