ចូលរួមបរិច្ចាគឈាម គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស
កំពត៖បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេនខេត្តកំពតបានបង្ហាញនូវក្តីសប្បាយរីករាយ ក្នុងការស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យ ព្រោះពួកគេយល់ថា ការបរិច្ចាគឈាមអាចជួយសង្គ្រោះជីវិតមនុស្ស។ ខណៈដែលមន្ត្រីជំនាញលើកទឹកចិត្តថា ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ ។ក្នុងមួយឆ្នាំបុរសអាចផ្តល់ឈាមបានបួនដង។ចំណែកស្ត្រីបានបីដង។
នៅចុងសប្ដាហ៍នេះនារោងចក្ររបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមេនខេត្តកំពត បានរៀបចំកម្មវិធីបរិច្ចាគឈាមលើកទី៥ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពត។បុគ្គលិកក្រុមហ៊ុន ដែលមកបរិច្ចាគឈាមបានបង្ហាញក្តីរីករាយដោយសារពួកគេបានរួមចំណែកធ្វើសកម្មភាពមនុស្សធម៌មួយ ដែលអាចជួយសង្គ្រោះអាយុជីវិតមនុស្ស ។ពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនដែលមានសុខភាពល្អ សូមចូលរួមបរិច្ចាគឈាមដើម្បីចែករំលែកក្តីស្រឡាញ់ និងចូលរួមជួយសង្គ្រោះជីវិតមនុស្ស។
ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកខេត្តកំពត លោក សេង ម៉ារ៉ាឌី បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ដោយសារមុននឹងបរិច្ចាគ ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យ និងពិគ្រោះសុខភាពយ៉ាងដិតដល់ ដើម្បីធានាថា អ្នកមកបរិច្ចាគគ្មានបញ្ហាសុខភាព។ លោកបានបន្តថា បច្ចុប្បន្ននៅមន្ទីរពេទ្យត្រូវការឈាមច្រើន ដើម្បីយកទៅសង្គ្រោះជីវិតអ្នកជំងឺ ដែលបាត់បង់ឈាមច្រើន ដូចជាគ្រោះថ្នាក់ចរាចរណ៍ អ្នកជំងឺវះកាត់ជាដើម។ លោកថាការចូលរួមបរិច្ចាគរបស់ក្រុមហ៊ុនជីប ម៉ុង អ៊ីនស៊ី ស៊ីមេន ជាគំរូដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ។
បើតាមការបញ្ជាក់របស់គ្រូពេទ្យជំនាញថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ។ប៉ុន្តែផ្ទុយទៅវិញវាជួយឱ្យអ្នកបរិច្ចាគមានសុខភាពកាន់តែល្អទៅថ្ងៃមុខ។តាមរយៈនៃការបរិច្ចាគឈាមនេះដែរ ក្រុមគ្រូពេទ្យនឹងយកឈាមទៅធ្វើតេស្តស្វែងរកជំងឺសំខាន់ៗចំនួន៥មុខ ហើយលទ្ធផលនឹងផ្តល់ជូនដល់អ្នកបរិច្ចាគវិញនៅពេលក្រោយ៕
ដោយ៖ សិលា សារិន