VinFast បន្តពង្រីកខ្លួន ទោះបីជាកំណើនតម្រូវការឡានអគ្គិសនីសកលធ្លាក់ចុះ
ប៉ារីស÷ បើទោះបីធ្លាក់ចុះជាសកលកំណើននៃការលក់ឡានអគ្គិសនី និងដំណើរការរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុន VinFast នៅតែបន្តបោះទុនពង្រីករបស់ខ្លួននៅក្នុងតំបន់អាស៊ី។
យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន VinFast និងជាប្រធានក្រុមមេ Vingroup លោក Nhat Vuong Pham បាននិយាយថា រោងចក្រ VinFast នៅក្នុងប្រទេសឥណ្ឌា នឹងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទីមួយនៃឆ្នាំ ២០២៥ ពោលគឺ ៦ខែមុនកាលវិភាគ។
រីឯរោងចក្រនៅឥណ្ឌូនេស៊ីរបស់ VinFast នឹងចាប់ផ្តើមសាងសង់ក្នុងរយៈពេលពីរខែខាងមុខទៀត ហើយគ្រោងនឹងចាប់ផ្តើមផលិតកម្មនៅចុងឆ្នាំ ២០២៥ មុនគោលដៅកំណត់នៅដើមឆ្នាំ ២០២៦។ លោក Vuong បាននិយាយថា សមត្ថភាពផលិតឡានដំបូងសម្រាប់រោងចក្រនៅឥណ្ឌូណេស៊ី និងឥណ្ឌា គឺចំនួន ៥០,០០០គ្រឿង ជាមួយនឹងសក្តានុពលកើនឡើងដល់ ៣០០,០០០គ្រឿងក្នុងមួយឆ្នាំ ដោយផ្អែកលើតម្រូវការទីផ្សារ។
ក្រុមហ៊ុន VinFast ក៏មានគម្រោងបង្កើតរោងចក្រផលិតអាគុយនៅក្នុងប្រទេសឥណ្ឌាផងដែរ។ បន្ថែមលើនេះ VinFast ថែមទាំងបានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាគុយយក្សរបស់ចិន Gotion High-Tech ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅវៀតណាម។ ក្រុមហ៊ុន VinFast បានកំណត់គោលដៅចែកចាយឡានអគ្គិសនីចំនួន ១០០,០០០គ្រឿងក្នុងឆ្នាំ ២០២៤ ប៉ុន្តែខ្លួនទើបតែបានចែកចាយត្រឹមតែ ៩,៦៨៩គ្រឿងប៉ុណ្ណោះក្នុងត្រីមាសទីមួយ។
ការធ្លាក់ចុះនៃតម្រូវការឡានអគ្គិសនីជាសកលបានធ្វើឲ្យគូប្រជែងមានការព្រួយបារម្ភ មានដូចជា Tesla និង Volkswagen។ ទោះជាយ៉ាងណាក៏ដោយ
ស្ថាបនិកក្រុមហ៊ុន VinFast នៅតែមានសុទិដ្ឋិនិយម ដោយជឿជាក់ថា កំណើនឡានអគ្គិសនី គឺជារឿងជៀសមិនរួច៕ ប្រភព÷ digitimes ប្រែសម្រួលដោយ÷ ឈឹម ទីណា