ស្ពានខ្ពស់ជាងគេនៅកម្ពុជាគ្រោងនឹងដាក់ឱ្យប្រើប្រាស់​សាកល្បង​នៅចុងខែមីនាឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១ ខែ​កក្កដា​នេះបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែល​មាន​ប្រវែងសរុប ១៩៨,២១៨ គីឡូម៉ែត្រ(PK000+000 – PK១៩៨+៥១៨) សម្រេចបានជារួម ៨៨,៣៨ភាគរយហើយ គិតត្រឹម​ដំណាច់​ខែមិថុនាកន្លងទៅនេះ។ដោយឡែកស្ពានខ្ពស់​ជាងគេប្រវែង ៥៣០ម៉ែត្រ គ្រោងនឹងដាក់ឱ្យប្រើប្រាស់​សាកល្បង​នៅចុង​ខែមីនាឆ្នាំ២០២៥ ខាងមុខ។

ការដ្ឋានផ្លូវជាតិលេខ១០ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្ត​បាត់ដំបង ឆ្លងកាត់​ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពដដែលបន្តថា វឌ្ឍនភាពនេះរួមមាន៖ ការងារផ្លូវ​ថ្នល់សម្រេចបាន ៨០,២៦ភាគរយ,ការងារស្ពានសម្រេចបាន ៩៣,២៣​ភាគរយ, ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០ភាគរយ (គ្រោងដាក់ឱ្យប្រើប្រាស់​សាកល្បង​នៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ,ការងារ​លូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២ភាគរយ និងការងារ​លូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤ភាគរយ។

ក្រសួងសាធារណការបានរំលឹកថា នៅរដូវវស្សានេះផ្លូវជាតិ​លេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការ​ប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅ​ជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយ​អន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប​១៩៨,៥១៨​គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោង​សាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់​ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយ​គ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ៖ដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner