USAID ៖ ការស្តារត្រពាំងទឹកផ្តល់សារៈប្រយោជន៍យ៉ាង​សំខាន់សម្រាប់​អភិរក្ស​សត្វព្រៃប្រភេទជិតផុតពូជនៅរដូវប្រាំង

ភ្នំពេញ៖ ការស្តារត្រពាំងទឹកបានផ្តល់សារៈយ៉ាងសំខាន់សម្រាប់សត្វព្រៃ ដោយក្នុងនេះបានជួយក្នុងការ ដោះស្រាយបញ្ហាកង្វះទឹកនៅក្នុង​ដែន​​ជម្រក​សត្វព្រៃលំផាត់នៅភូមិសាស្រ្ត ខេត្តរតនគិរីនិង មណ្ឌលគិរី ។ នេះបើតាម​ការលើកឡើងពីសំណាក់ទីភ្នាក់ងារជំនួយអាមេរិក USAID មរតកបៃតង។

USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បាន និងកំពុងពង្រីក​សកម្មភាពលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់ត្រពាំងនៅក្នុងសហគមន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់អត្ថប្រយោជន៍​យ៉ាងសំខាន់ដល់សត្វព្រៃ និងសហគមន៍ ដោយលើកទឹកចិត្តឱ្យមាន​ការអនុវត្ត​ប្រកបដោយនិរន្តរភាព ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជផងដែរ។

USAID បានលើកឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៤ថា​៖ ”សកម្មភាពរបស់យើង ក៏រួមបញ្ចូលនូវការដំឡើងផ្លាំងផ្សព្វផ្សាយព័ត៌មាន​នៅតាមភូមិគោលដៅ និងការចែករំលែកទៅសហគមន៍អំពីតួនាទីរបស់ត្រពាំង ដែលដើរតួនាទីជាប្រភពទឹកដ៏សំខាន់ ជាពិសេសនៅក្នុងរដូវប្រាំង។ ផ្លាំងផ្សព្វ​ផ្សាយទាំងនេះក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យជៀសវាងសកម្មភាព​ខុសច្បាប់នៅតំបន់ត្រពាំង ដើម្បីការពារប្រភេទសត្វដូចជា សត្វត្រយងយក្ស ត្រយងចង្កុំកស និងសត្វព្រៃដទៃទៀត ដែលពឹងផ្អែកលើត្រពាំងសម្រាប់ទឹកផឹក រកអាហារ និងជម្រកជាដើម”។

អ្នកស្រី សាប៊ីន យ៉ៅគ្គឺស ប្រធានគម្រោងទីភ្នាក់ងារជំនួយអាមេរិក USAID មរតក​បៃតងបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖USAID មរតកបៃតង បានគាំទ្រ​ការ​ស្តារត្រពាំងនៅដែនជម្រកសត្វព្រៃចំនួនពីរគឺ ដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់ស្ថិតនៅភូមិសាស្រ្ត ខេត្តរតនគិរីនិង មណ្ឌលគិរី។

អ្នកស្រី សាប៊ីន យ៉ៅគ្គឺស បានឱ្យដឹងថា”គិតមកដល់ពេលនេះ ត្រពាំងទឹកសរុប ២៤ ត្រពាំង ត្រូវបានស្ដារឡើងវិញ ដែលក្នុងនោះ ១៨ កន្លែងនៅសៀមប៉ាង និងចំនួន ៦ កន្លែងទៀតនៅលំផាត់”។

អ្នកស្រីថា៖”ត្រពាំងផ្តល់ជាប្រភពទឹក និងអាហារដល់សត្វព្រៃ និងសត្វ​ស្រុកយ៉ាងសំខាន់។កាលពីមុន សត្វព្រៃធំៗដូចជា ទន្សោង ដំរី និងក្របីព្រៃ ជាដើម មិនត្រឹមតែប្រើប្រាស់ត្រពាំងជាប្រភពទឹកសម្រាប់ផឹកប៉ុណ្ណោះទេ ពួកវាថែមទាំងចុះត្រាំននៀលដើម្បីឱ្យត្រជាក់ខ្លួនរបស់ពួកវាផងដែរ។សកម្មភាពសត្វទាំងអស់នេះ បានជួយថែរក្សាត្រពាំងឱ្យនៅជ្រៅ ដោយ​សារការជាន់ឈ្លីននៀលដីល្បាប់ភក់របស់ពួកវា និងជួយគ្រប់គ្រង​ការលូត​លាស់ស្មៅរុក្ខជាតិមិនឱ្យលុបត្រពាំងបាន”។

អ្នកស្រី សាប៊ីន យ៉ៅគ្គឺស បាននិយាយថា”ការបាត់បង់សត្វពាហនៈធំៗ​ទាំងនេះពី​ដែន​ជម្រកសត្វព្រៃ បានរួមចំណែកយ៉ាងខ្លាំងដល់ការថយចុះនៃ​ត្រពាំង​ទឹកដោយសារតែត្រពាំងទឹកជាច្រើនរាក់និងរីងស្ងួតនារដូវប្រាំង។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះរាំងស្ងួតបានអូសបន្លាយ និងការកើនឡើងនៃសីតុណ្ហភាព ក៏បានជះឥទ្ធិពលដល់កម្រិតទឹកដែល​រក្សាទុកនៅក្នុងត្រពាំងផងដែរ”។

ការស្ដារត្រពាំងឡើងវិញនេះ គឺមានគោលបំណងរក្សាទឹកឱ្យបានពេញមួយឆ្នាំ ជាពិសេសក្នុងអំឡុងពេលដ៏ក្តៅក្នុងរដូវប្រាំង សម្រាប់សត្វព្រៃ ជាពិសេសសត្វ​ដែល​ជិត​ផុតពូជដូចជា ត្រយងយក្ស ត្រដក់តូច រមាំង និងត្រយងចង្កុំកស។

លោក ប៊ូ វរសក្ស នាយក អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) បានឱ្យដឹងនាថ្មីៗនេះថា៖ ការជីកស្តារស្រះទឹកក្នុង​ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់បានចំនួន៦នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី និងមណ្ឌលគិរី។ ការស្តារត្រពាំងនេះធ្វើឡើងក្នុងគោលបំណង​ដើម្បី​រក្សាទីជម្រកសមស្របសំរាប់សត្វជិតផុតពូជពិសេសត្រយងយក្ស ត្រយង​ចង្កំកសនិងរក្សាទឹកសំរាប់សត្វព្រៃនិងសត្វពាហនះស្រុកក្នុងរដូវប្រាំង ។ ការ​បាត់​បង់ត្រពាំងទឹកក៏ជាការបាត់បង់ទឹកផឹក និងចំណីសត្វព្រៃ។

លោកបានបញ្ជាក់ប្រាប់ថាការជីកស្តារត្រពាំងទឹកនេះធ្វើឡើងដោយចំណាយថវិការច្រើនក្នុងនេះត្រូវជីកដោយដៃផ្ទាល់ដើម្បីកាត់ការបន្ថយការរំខានដល់សត្វព្រៃ និង ជីវចម្រុះ។ក្នុងចំណោមប្រជាសហគមន៍ ៦០នាក់ត្រូវចំណាយក្នុង​ត្រ​ពាំង​​ទឹកមួយអស់ថវិការប្រមាណ ៣៥០០ដុល្លារ ។ ត្រពាំងទឹកនីមួយៗ​ត្រូវ​ស្តារ​ក្នុងទំហំមាត់លើ ៣០ម៉ែត្រគុណ ២០ម៉ែត្រ និងមានទំរង់ដូចជាឆ្នាំង​ខ្ទះពោលគឺ​ជំរៅពី ៣០ទៅ៧៥សង់ទីម៉ែត្រ។ សម្រាប់រយៈពេល៤ឆ្នាំចុងក្រោយនេះដែរ​បើ​សរុបការជីកស្តារត្រពាំងទឹកសរុបបានចំនួន ១៥មកហើយ។

សូមបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០២៤នេះ ត្រពាំងទឹកយ៉ាងហោចណាស់​ចំនួន​២៤​ នៅតាមតំបន់ការពារធម្មជាតិត្រូវបានស្តារឡើងវិញ​សម្រាប់​ឱ្យ​សត្វ​ព្រៃផឹក និងសត្វបក្សីនានារកចំណីនារដូវប្រាំងហួតហែង ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner