រាជធានីភ្នំពេញ បញ្ហាគ្រប់គ្រងក្រុមក្មេងទំនើង ថមថយយ៉ាងខ្លាំង ពោលគឺស្ទើរតែលុបបំបាត់បាន ១០០%ហើយ

ភ្នំពេញ៖ នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន ១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេងទំនើងបានចំនួន ១៧ក្រុម ដែលធ្វើឱ្យក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើរតែលុបបំបាត់បាន ១០០%ហើយ ។

នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ កក្កដា ២០២៤ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តបង្ក្រាប ចំពោះក្មេងទំនើង ឱ្យខ្លាំងក្លាដើម្បីធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះឱ្យទទួលបានជោគជ័យ ។

ឯកឧត្ដម ឃួង ស្រេង បន្តថា៖ យើងរៀបចំសណ្តាប់ធ្នាប់ ទាំងនៅលើផ្លូវគោក នៅតាមផ្លូវទឹក ពិសេសការទប់ស្កាត់ មិនឱ្យមានការចោលសំរាម ចោលកំទេចសំណង់នានាចូលទៅក្នុងទន្លេ។ ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវឱ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត ។ ទប់ស្កាត់ការយកភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តនៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក ។

ឯកឧត្ដមបានបន្ថែមថា៖ ចំពោះមន្ទីរពាក់ព័ន្ធត្រូវពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ ជាការទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ ។

ឯកឧត្ដម បញ្ជាក់ថា៖ ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយពិតជាទទួលបានការកោតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើឱ្យទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ៕

ដោយ ៖ ហេង សម្បត្តិ +ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner