លេចចេញសត្វរុយ ស កំពុងចាប់ផ្តើមរាតត្បាតខេត្តចំនួន៣ នៅតំបន់ព្រំដែនកម្ពុជា -វៀតណាម

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និង នេសាទបានថ្លែងថា ក្រោយពីការរាតត្បាតនៃដង្កូវហ្វូង និងបន្ទាប់ពីកម្ពុជាយើងទទួលជោគជ័យ នៃការទប់ស្កាត់ដង្កូវចង្រៃនេះមក ស្រាប់តែលេចវត្តមានសត្វរុយ ស កំពុងតែរាតត្បាតនៅតាមខេត្តចំនួន៣ ក្បែរព្រំដែនវៀតណាមវិញម្តង រួមមានខេត្ត ព្រៃវែង ស្វាយរៀង និងតាកែវ ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននាយប់ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៤នេះ លោក ជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ស្របពេលដែលរុយ ស ចាប់ផ្តើមរាតត្បាតាមខេត្តជាប់ព្រំដែននេះ មន្រ្តីជំនាញក៏បានកំពុង ចុះណែនាំឱ្យប្រជាកសិករបានយល់ និងចេញយុទ្ធនាការបង្រ្កាបសត្វរុយចង្រៃស៊ីស្រូវប្រជាពលរដ្ឋនេះផងដែរ ។ ទោះបីយ៉ាងណាការលេចចេញនូវសត្វរុយសនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយទេ ។

មន្រ្តីអ្នកនាំពាក្យ បន្តថា ក្រោយលេចវត្តមាននៃសត្វរុយ ស នេះដែរ ក្រសួងកសិកម្ម ក៏មិនបានបណ្តែតបណ្តោយនោះឡើយ ហើយសត្វល្អិតចង្រៃប្រភេទនេះបើប្រៀបធៀបគឺជាពពួកសត្វដែលធន់នឹងថ្នាំសម្លាប់សត្វល្អិតជាងដង្កូវហ្វូងផង ។ ក្រៅពីនេះវាជាសត្វដែលអាចហោះហើរ និងបន្លាស់ទីបានលឿនមិនដូចដង្កូវហ្វូងដែលនៅមួយកន្លែងនោះឡើយ។ រុយសនេះអ្វីដែលសំខាន់ គឺនៅពេលដែលយើងបាញ់ថ្នាំវានឹងហោះទៅកន្លែងផ្សេង ដែលនេះមានន័យថា វាអាចរាតត្បាតទៅកន្លែងផ្សេងទៀតបាន ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទកន្លងមក ផ្ទៃដីដំណាំកសិកម្ម ប្រមាណជាង ២ ម៉ឺន ៣ ពាន់ហិកតា ស្ថិតនៅក្នុងខេត្តចំនួន ១៥ បានទទួលរង ផលប៉ះពាល់ ដោយសារដង្កូវហ្វូង ។ ក្នុងនេះសម្រាប់ផ្ទៃដីកសិកម្មដែលទទួលរងការវាយប្រហារពីសត្វដង្កូវហ្វូងមាន ដំណាំស្រូវជាង ១ ម៉ឺន ៥ ពាន់ហិកតា និងដំណាំឧស្សាហកម្មជាង ៨ ពាន់ហិកតាដែលមានដំឡូងមី និងពោត ។ សម្រាប់ខេត្តដែលកើតមានករណីដង្កូវហ្វូងនេះ រួមមាន ខេត្តកំពង់ធំ ខេត្ត កំពង់ចាម ខេត្តកំពង់ឆ្នាំង ប៉ះពាល់ ១៥០ហិកតា ខេត្តកំពង់ស្ពឺ ចំនួន ១៥៧ហិកតា ខេត្តកំពង់ធំ ៤ ១៨៣ ហិកតា ខេត្តព្រះវិហារ ៤ពាន់ហិកតា ខេត្តសៀមរាបជិត ២ពាន់ហិកតា ខេត្តតាកែវជាង ៥ពាន់ហិ កតា និងខេត្តមួយចំនួនទៀត ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner