យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានការបរិច្ចាគជាង ៣.៣លានដុល្លារ ពីសប្បុរសជន ជាង ២៤ម៉ឺននាក់

សៀមរាប៖ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកជាង ៣,៣ លានដុល្លារ។

នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីរសៀលទី ០១ ខែកក្កដា ឆ្នាំ២០២៤នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប។

បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើកកន្លងមក, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ ទទួលបានការចូលរួមកាន់តែផុសផុពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុងស្មារតីខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានស្ថាបនិក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នេះឡើង ក្នុងគោលបំណងពីរសំខាន់ៗគឺ៖ ១). ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និង ២). ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគក្នុងស្មារតី “ខ្មែរជួយខ្មែរ” ទោះតិចក្តី ឬច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ សប្បុរសជនទាំងក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមធ្យោបាយរាងៗខ្លួន ដូចជា តាមរយៈការចូល រួមបរិច្ចាគ, កិច្ចសហការផ្សព្វផ្សាយ និងការគាំទ្រសកម្មភាពពាក់ព័ន្ធនានា យ៉ាងផុសផុល ដែលបានញ៉ាំង ឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយនេះរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner