ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

កណ្តាល៖ ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់ ឯកឧត្តម គួច ចំរើន ជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។

ដើម្បីសម្រចបានវឌ្ឍនភាពការងារបន្ថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់នូវគោលការណ៍ណែនាំលើកិច្ចការអាទិភាពឱ្យរដ្ឋបាលខេត្តត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការដោះស្រាយផលប៉ះពាល់បណ្តាលមកពីវិបត្តិជាសកលនានា សំដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាពនិងសុខដុមនីយកម្មក្នុងសង្គម។

ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្ម ផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធន៍ក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍនូវសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀត៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner