រថយន្តបុករះអ្នកថ្មើរជើង ស្លាប់មនុស្ស ៩នាក់ នៅសេអ៊ូល
ប៉ូលិសបាននិយាយថា មនុស្សយ៉ាតិចណាស់ ចំនួន៩នាក់បានស្លាប់ និង៤ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តមួយគ្រឿង ត្រូវបានគេបើក ជ្រុលទៅបុកអ្នកថ្មើរជើង នៅជិតសាលាក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។
អ្នកពន្លត់អគ្គីភ័យ ឈ្មោះ Kim Chun-soo បាននិយាយថា មានអ្នកស្លាប់ចំនួន ៦ នាក់នៅកន្លែងកើតហេតុ ខណៈដែល ៣នាក់ផ្សេងទៀតត្រូវបានគេប្រកាសថា បានស្លាប់ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា អ្នកបើកបរអាយុ ៦៨ ឆ្នាំបានបុកមនុស្សដែលកំពុងរង់ចាំសញ្ញាចរាចរណ៍។ យ៉ុនហាប់ បាននិយាយថា គាត់បានបើកបរក្នុងទិសដៅខុស ហើយបានបុករថយន្ត ពីរផ្សេងទៀត មុនពេលដែលបុករះអ្នកថ្មើរជើង។
លោក Kim Suk-hwan នាយកផ្នែកសុវត្ថិភាព និងដឹកជញ្ជូននៅការិយាល័យសង្កាត់ Jung-gu នៃទីក្រុងសេអ៊ូល បាននិយាយថា បុរសម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ជុំវិញឧប្បត្តិហេតុនេះ។ លោក Kim បាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ថា តើជាគ្រឿងញៀន ឬគ្រឿងស្រវឹងមានជាប់ពាក់ព័ន្ធ ឬយ៉ាងណា។
អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានពណ៌នាថាជា “គ្រោះថ្នាក់ដ៏ក្រៀមក្រំមួយ” ដោយលោកបានដល់ទីកន្លែងកើតហេតុ ផ្ទាល់។
គ្រោះថ្នាក់ចរាចរណ៍មានស្លាប់និងរបួសមនុស្ស ច្រើននាក់ គឺកម្រកើតមានណាស់ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាទូទៅ មានការថែទាំផ្លូវ និងយានជំនិះបានល្អ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត