ខ្យល់កួចយន្តហោះអេស្ប៉ាញបោកមនុស្សខ្ទប់ដំបូល របួស ៤០ នាក់

ពរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេស្ប៉ាញ Air Europa បានជួបហេតុការណ៍ញ័ររញ្ជួយមួយ ដោយសារតែខ្យល់កួច ឬខ្យល់កន្ត្រាក់ បណ្ដាលឲ្យអ្នកដំណើរលើយន្តហោះបោកខ្ទប់ដំបូល និងរបួសចំនួន ៤០ នាក់ ។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេស្ប៉ាញ Air Europa កំពុងហោះធ្វើដំណើរពីទីក្រុង Madrid ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ ប៉ុន្តែបានចុះចតបន្ទាន់ នៅប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ដ៏អាក្រក់នេះ ។

យន្តហោះប្រភេទ Boeing 787-9 Dreamliner ដែលដឹកមនុស្ស ចំនួន ៣២៥ នាក់ ត្រូវបានបង្វែរទិសដៅ ទៅកាន់អាកាសយានដ្ឋាន Natal នៅភាគឦសានប្រទេសប្រេស៊ីល ខណៈរថយន្តសង្គ្រោះ រាប់សិបគ្រឿង បានមករង់ចាំដើម្បីជួយសម្រួលស្ថានការណ៍នៅទីនោះ ។

បើតាមមន្ត្រីសុខាភិបាលប្រេស៊ីលបានប្រាប់ AFP ថា អ្នកដំណើរទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងគ្លីនិក ដើម្បីព្យាបាល ។ ក្នុងចំណោមអ្នករងរបួស រួមមាន អ្នកដំណើរសញ្ជាតិអេស្ប៉ាញ អាហ្សង់ទីន អ៊ុយរូហ្គាយ អ៊ីស្រាអែល បូលីវី និងអាល្លឺម៉ង់ ។

ក្រុមហ៊ុន Air Europa បាននិយាយថា យន្តហោះមួយគ្រឿងទៀត ត្រូវបញ្ជូនទៅដឹកអ្នកដំណើរ ខណៈពេលដែលយន្តហោះ Boeing ដែលជួបបញ្ហាញ័ររញ្ជួយពីខ្យល់កួចកំពុងត្រូវបានពិនិត្យលើទំហំនៃការខូចខាត ។

កាលពីសប្តាហ៍មុន មានអ្នកដំណើរ ១២ នាក់ បានរងរបួស អំឡុងហេតុការណ៍ញ័ររញ្ជួយដោយសារខ្យល់កួចយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Qatar ដែលកំពុងហោះពីទីក្រុង Doha ទៅកាន់ប្រទេសអៀឡង់ ។ កាលពីខែឧសភា ឧបទ្ទវហេតុស្រដៀងគ្នានេះបានកើតឡើងលើក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដែលហោះចេញពីអង់គ្លេស តែបានចុះចតបន្ទាន់នៅថៃ បណ្តាលឲ្យស្លាប់អ្នកដំណើរម្នាក់ និងអ្នកនៅលើយន្តហោះមួយចំនួនទៀតរងរបួស ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner