សម្តេច ម៉ែន សំអន អញ្ជើញប្រកាសផ្ទេរភារកិច្ចប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ
ខេត្តតាកែវ៖ ឯកឧត្តម វ៉ី សំណាង ត្រូវបានប្រកាសផ្ទេរភារកិច្ចជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ជំនួស ឯកឧត្តម អ៊ូច ភា ដែលត្រូវបានទទួលភារកិច្ចថ្មី ។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបក្ស ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស ។
សម្តេចបានបន្ថែមថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ ៕
ដោយ ៖ ថេត វិចិត្រ
(FB-TT)