ប្រមុខការទូតកម្ពុជា និងជប៉ុននឹងមានកិច្ចប្រជុំទ្វេភាគីនៅថ្ងៃស្អែក
ភ្នំពេញ៖នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤វេលាម៉ោង ១៧:០០នៅទីស្តីការក្រសួងការបរទេសនឹងមានកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ កាមីកាវ៉ា យុកុ ( KAMIKAWA Yoko) រដ្ឋមន្ត្រីការបរទេសជប៉ុន។ បន្ទាប់ពីកិច្ចប្រជុំចប់ នឹងមានពិធីចុះហត្ថលេខា និងសន្និសីទកាសែតរួម ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ។
ក្នុងកំលុងទស្សនកិច្ចនេះលោកជំទាវ ខាមីខាវ៉ា យ៉ូកុ នឹងចូលជួបសម្តែងការគួរសម ដាច់ដោយឡែកចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។
ក្រសួងការបរទេសបានកត់សម្គាល់ថា ទស្សនកិច្ចរបស់ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ នឹងរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ជា ញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងជប៉ុន៕
ដោយ៖ពលជ័យ