McDonald អូស្ត្រាលី រងផលប៉ះពាល់ពីជំងឺគ្រុនផ្តាសាយបក្សី
កង់បេរ៉ា៖ ហាងអាហាររហ័សទាន់ចិត្ត McDonald ក្នុងប្រទេសអូស្ត្រាលី បានកាត់បន្ថយម៉ោងបម្រើអាហារពេលព្រឹក ដោយសារការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅទូទាំងប្រទេសបានប៉ះពាល់ដល់ការផ្គត់ផ្គង់ស៊ុត។
ហាង McDonald នៅអូស្ត្រាលី បានបញ្ជាក់នៅក្នុងសារមួយទៅកាន់អតិថិជនថា យើងកំពុងគ្រប់គ្រងការផ្គត់ផ្គង់ស៊ុតដោយប្រុងប្រយ័ត្នបំផុត ដោយសារបញ្ហាប្រឈមផ្នែកឧស្សាហកម្មបច្ចុប្បន្ន។
ការបញ្ជាទិញអាហារពេលព្រឹកនឹងឈប់នៅម៉ោង ១០និង៣០នាទីព្រឹកជំនួសឱ្យម៉ោងថ្ងៃត្រង់។ យើងកំពុងធ្វើការយ៉ាងលំបាកជាមួយអ្នកផ្គត់ផ្គង់របស់យើង ដើម្បីឱ្យរឿងនេះត្រឡប់ទៅធម្មតាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អាជ្ញាធរអូស្ត្រាលីបាននិយាយថា ជំងឺគ្រុនផ្តាសាយបក្សីប្រភេទ H7 បានលេចឡើងនៅកសិដ្ឋានចិញ្ចឹមសត្វជិតរាប់សិបកន្លែងនៅទូទាំងរដ្ឋVictoria, New South Wales និងដែនដីផ្សេងទៀតរបស់អូស្ត្រាលី។
អ្នកវិទ្យាសាស្ត្របាននិយាយថា មេរោគគ្រុនផ្តាសាយបក្សីមានទំនាក់ទំនងហ្សែនទៅនឹងមេរោគ ដែលបានរកឃើញនៅក្នុងចំណោមបក្សីព្រៃរបស់ប្រទេសអូស្ត្រាលី មិនមែនជាមេរោគគ្រុនផ្តាសាយបក្សីប្រភេទ H5 ដែលកំពុងរីករាលដាលនៅកន្លែងផ្សេងទៀតក្នុងពិភពលោកនោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា