ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានដឹកនាំកិច្ចប្រជុំ​​ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ភ្នំពេញ៖ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. )បានបើកកិច្ចប្រជុំលើកទី១ ដើម្បីជំរុញ និងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់​សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿង​ស្រវឹងឱ្យមានសណ្តាប់ធ្នាប់ល្អ។

កិច្ចប្រជុំដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​និងជាអនុប្រធានក្រុមការងារ និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារ។

កិច្ចប្រជុំនាឱកាសនេះក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទីស្តីការ​គណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជាសមាជិក ក.គ.ផ.ស.។

ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​ធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ហើយក្រុមការងារនេះ មានភារកិច្ច ដឹកនាំជា​យុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋាន​បច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ​ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត រៀបចំសណ្តាប់​ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជា​សាធារណៈ​នៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព៕
ដោយ៖ពលជ័យ

ads banner