ក្រសួងមហាផ្ទៃបដិសេធរបាយការណ៍ Numbeo (Video Inside)
ក្រសួងមហាផ្ទៃ បានបដិសេធរបាយការណ៍របស់ Numbeo ដែលនិយាយថា កម្ពុជាមានបទល្មើសច្រើនជាងគេក្នុងតំបន់។
Numbeo គឺជាបណ្តាញសង្គមមួយ ដែលផ្សាយអំពីទិន្នន័យទាក់ទងនឹងជីវិតរស់នៅ តាមបណ្តាក្រុង នៃប្រទេសផ្សេង ប៉ុន្តែពិភពលោកក៏បានកត់សម្គាល់ផងដែរ នូវរបាយការណ៍ខ្លះ ដែលមិនឆ្លុះបញ្ចាំងការពិតទាំងស្រុង ដូចអ្វីដែលបណ្តាញសង្គមនេះ បានចុះផ្សាយឡើយ។
Numbeo ក្នុងរបាយការណ៍របស់ខ្លួន បានដាក់ចំណាត់ថ្នាក់កម្ពុជា ជាប្រទេសលេខ១ នៅក្នុងតំបន់អាស៊ានថា មានកម្រិតឧកិ្រដ្ឋកម្មខ្ពស់ ខណៈប្រទេសមីយ៉ាន់ម៉ាដែលមានសង្គ្រាម និងប្រទេសម៉ាឡេស៊ី ដែលតែងមានសេចក្តីរាយការណ៍ហានិភ័យអំពើភេរវកម្ម ស្ថិតក្នុងចំណាត់ទី៣។
របាយការណ៍របស់ Numbeo បាននិយាយថា បញ្ហាពុករលួយ បញ្ហាគ្រឿងញៀន និងការកើនឡើង នៃបទល្មើស ក្នុងរយៈពេល៥ឆ្នាំនៅកម្ពុជា គឺជាបញ្ហាចម្បង។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងចាត់ទុកថា របាយការណ៍នេះ គឺមានចរិតលក្ខណៈនយោបាយដាក់បន្ទុកមកលើកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃដដែលនេះបានបញ្ជាក់ថា «របាយការណ៍ Numbeo នេះ បានប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផងដែរ»។
មន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា កន្លងមកកម្ពុជាខិតខំបង្ក្រាបបទល្មើស និងរក្សាសន្តិសុខ ដោយពង្រឹងវិធានការភូមិ ឃុំ សុវត្ថិភាព បង្ក្រាបក្មេងទំនើង និងល្បែងស៊ីសង។ មន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញតួលេខថា ក្នុងត្រីមាសទី១ កន្លងមកនេះ អាជ្ញាធរកម្ពុជា បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ១ពាន់ ៦០០ករណី ក្នុងនោះឃាត់ខ្លួនបានជាង ២ពាន់ ៤០០នាក់…ហើយនៅក្នុងចំណោមជនសង្ស័យទាំងនោះ មាន ៨០០នាក់ ត្រូវបានរកឃើញថា បានប្រើប្រាស់គ្រឿងញៀន។