សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខដល់ស្ថាបនិកបង្កើតកិច្ចព្រមព្រៀងក្រុងប៉ារីស (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានធ្វើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព អតីតស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

លោក រ៉ូឡង់ ឌូម៉ាស់ ដែលជាអតីតរដ្ឋមន្ត្រីការបរទេសក្នុងជំនាន់រដ្ឋាភិបាលលោក ហ្វ្រង់ស្វ័រ មីតេរ៉ង់ និងក្រោយមកគឺជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃប្រទេសបារាំង បានទទួលមរណភាព ក្នុងជន្មាយុ១០១ឆ្នាំ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤។

លោក រ៉ូឡង់ ឌូម៉ាស់ គឺជាអ្នកខ្នះខ្នែងដ៏ខ្លាំងក្លាបំផុតមួយ ដែលជួយកម្ពុជាបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតចូលរួមមរណទុក្ខ ទៅកាន់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបារាំង លោក ឡូរ៉ង់ ហ្វាបៀស Laurent Fabius បានថ្លែងថា «ប្រជាជនកម្ពុជា ភ្ជាប់ឈ្មោះឯកឧត្តម Roland Dumas ទៅនឹងភាពជោគជ័យ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៩១»។

លិខិតបន្តថាសកម្មភាពប្តូរផ្តាច់របស់ «ឯកឧត្តម រ៉ូឡង់ ឌុយម៉ាស់ បានអនុញ្ញាតបង្កើតមានឡើង នូវលក្ខខណ្ឌអំណោយផលសម្រាប់សន្តិភាព ការបង្រួបបង្រួមជាតិ និងបង្កើតក្របខណ្ឌ សម្រាប់កសាងប្រទេសរបស់ខ្ញុំឡើងវិញ បន្ទាប់ទទួលរងការបំផ្លិចបំផ្លាញ ដោយសង្គ្រាមជាង ២១ឆ្នាំ និងជម្លោះហែកហួរគ្នា»។

លិខិតដដែលបានបញ្ជាក់ថា «ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ និងប្រកបដោយក្តីរំជួលចិត្តយ៉ាងខ្លាំង ចំពោះមរណភាព ឯកឧត្តម រ៉ូឡង់ ឌុយម៉ាស់ អតីតរដ្ឋមន្ត្រីការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ»។

ads banner