កូនដើមឈើទាលមួយម៉ឺនដើមត្រូវបានដាំលើផ្ទៃដីបួនហិកតាដែលមានការរិចរិលនៅក្នុងស្រុកបន្ទាយស្រី

សៀមរាប៖ កូនឈើទាលចំនួនមួយម៉ឺនដើមត្រូវបានដាំលើផ្ទៃដីបួនហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ុន ថាប្ញទ្ធិ តំណាង រាស្ត្រមណ្ឌលខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមទាំងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ។
សកម្មភាពដាំកូនឈើខាងលើជាការចូលរួមអបអរពិធីរុក្ខទិវា ៩ កក្កដាឆ្នាំ២០២៤។លោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានរំលេចថាព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ។ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ។
ចំណែកលោក ទា គឹមសុទ្ធ បញ្ជាក់ថា មន្ទីរកសិកម្មខេត្តកំពុងជំរុញសហគមន៍ព្រៃឈើមួយចំនួនដែលមានសក្តានុពលអនុវត្តទេសចរណ៍ធម្មជាតិ អនុវត្តគម្រោង ពិពិធកម្មកសិកម្មដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដោយមិនត្រូវទុកចោលដីទំនេរ ដោយមិនពឹងផ្អែកលើតែផល អនុផលព្រៃឈើឬកាប់ឈើដើម្បីជីវភាពប្រចាំថ្ងៃនោះឡើយ ។លោកបន្តថា មន្ទីរក៏មានកិច្ចសហការអន្តរជាតិដើម្បីពង្រឹងការ ស្រាវជ្រាវវិទ្យាសាស្ត្រ ការស្តារព្រៃឈើ ឡើងវិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ៕
ដោយៈប៊ុន រដ្ឋា

ads banner