មួយគ្រួសារពុលត្រីក្រពត ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖លោកមេភូមិនិងក្រុមគ្រួសារត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងកាលព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់ពីសង្ស័យថាបានពុលត្រីក្រពត។អ្នកជំងឺទាំងអស់រស់នៅក្នុងភូមិដំបូកកកោះ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមការបញ្ជាក់ពីស្ត្រីម្នាក់ដែលជាក្រុមរបស់គ្រួសារអ្នកជំងឺបានឱ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែកក្កដាលោក ហ៊ុន ចន្ថា អាយុ៥៧ឆ្នាំ ជាមេភូមិដំបូកកោះ ឃុំភ្នំក្រាំងដីមាស និងប្រពន្ធបានទៅទិញត្រីក្រពតចំនួនមួយគីឡូកន្លះពីអ្នកលក់មិនស្គាល់ឈ្មោះនៅខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំងព្រមទាំងទិញបន្លែយកមកចំអិនធ្វើម្ហូបបរិភោគជុំគ្នានៅពេលល្ងាចជាមួយប្រពន្ធកូន កូនប្រសា និងចៅសរុបទាំងអស់១០នាក់។ក្រោយពីបរិភោគរួចស្រាប់តែមានអាការៈ ស្ពឹកដៃជើង ស្ពឹកមាត់ ស្ពឹកជើង ។ដោយមានអាការៈមិនស្រួលក្រុមគ្រួសារជនអ្នកជំងឺទៅមណ្ឌលសុខភាពឃុំស្វាយជ្រុំ ។ ដោយនៅតែមិនបានធូរស្រាល ក៏សម្រេចចិត្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៥ ខែកក្កដា តែម្តង។
អ្នកជំងឺដែលមានអាការៈពុលមានប្រាំនាក់។ក្នុងនេះ ១.ឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស អាយុ ៥៧ ឆ្នាំជាមេភូមិ ,២.ឈ្មោះ តុប អឿន ភេទស្រីអាយុ ៥៦ឆ្នាំត្រូវជាប្រពន្ធ ,៣ .ឈ្មោះ ហ៊ុន ចាន់ធី ភេទប្រុសអាយុ ៣៦ ឆ្នាំត្រូវជាកូន ,៤. ឈ្មោះ ហ៊ុន ចាន់ធឿន ភេទប្រុសអាយុ ៣៤ឆ្នាំ ត្រូវជាកូន និង៥ .ឈ្មោះ ចាន់ថា ដាណែត ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាចៅ ។ចំណែក៥នាក់ទៀតដែលមិនបានរៀបរាប់ឈ្មោះគឺមិនបានពុលអ្វីឡើយ។
លោកវេជ្ជបណ្ឌិត សុខ គង់ អនុប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាមកដល់ពេលនេះអ្នកជំងឺបានធូរស្រាលអស់ហើយ មិនមានអាការៈធ្ងន់ធ្ងរនោះទេ។ ចំណែកការពុលលោកមិនហ៊ានសន្មត់ថាបណ្តាលមកពីពុលក្រពតឬក៏ពុលអ្វីនោះដែរ គ្រាន់តែដឹងថាអ្នកជំងឺមានអាការៈពុលអាហារហើយនិងកំពុងតាមដានជាបន្តទៀត៕
ដោយៈសុខ គឹមសៀន