វិធីសង្កេតពីសត្វរុយ ស ដែលវានឹងក្រេបស្លឹកស្រូវ ធ្វើឱ្យដើមស្រូវប្រែជាពណ៍លឿង
(ភ្នំពេញ)៖ ការលេចចេញពីវត្តមានរុយសនៅកម្ពុជា គឺជាសត្វក្រេបរុក្ខរសពីស្លឹកស្រូវ ដែលធ្វើឱ្យដើមស្រូវប្រែជាពណ៌លឿង ដែលនេះកសិករត្រូវដឹងថាវាជារោគសញ្ញាបំផ្លាញរបស់រុយស ហើយការបំផ្លាញនេះមានពីរដំណាក់កាល ដែលធ្វើឱ្យផលស្រូវមានការថយចុះពី ២៣ ទៅ ៣០ភាគរយ ឬច្រើនជាងនេះ ដូច្នេះត្រូវមានវិធានការកម្ចាត់ឱ្យទាន់ពេលវេលា ។ នេះជាការដាស់តឿនពីសំណាក់លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទ ។
បញ្ជាក់ណែនាំដល់កសិករជុំវិញបញ្ហានេះ លោក ឌី សំអាន បានឱ្យដឹងថាកសិករត្រូវវែកស្រូវក្នុងស្រែរបស់ខ្លួនបើសិនឃើញសត្វរុយហើរ បានន័យថាមានសត្វរុយសលុកលុយហើយ និងការចាំសង្កេតមួយទៀតគឺឱ្យវែកស្លឹកស្រូវដូចគ្នា ហើយសង្កេតមើលក្រោមស្លឹកស្រូវយើងអាចឃើញពង និងមេវាពេញវ័យ ហើយនិងកូនទើបនឹងញាស់វានឹងបង្ហាញវត្តមាននៅក្រោមស្លឹកស្រូវឱ្យឃើញទាំងអស់ និងទី៣បើមានធ្វើស្រូវក្រអូប និងស្រែដែលប្រើអាហ្សូតដែលលើសយើងនឹងងាយស្រួលឃើញវត្តមាននៅទីនោះព្រោះរុយសនេះអាចបន្លាស់ទីបានត្រឹមតែ ២ទៅ៣ម៉ែត្រប៉ុណ្ណោះ និងយ៉ាងច្រើនបំផុត ១០ម៉ែត្រ នៅជុំវិញតំបន់វារស់នៅ ។ ក្រៅពីនេះបើមានខ្យល់ខ្លាំង ឬព្យុះវាអាចបន្លាស់ទីលឿនជាងនេះរហូតដល់ ១០០ម៉ែត្រក៏មានផងដែរពោលគឺអាស្រ័យកម្លាំងខ្យល់បក់។ ហេតុនេះមន្រ្តីជំនាញគេអាចដឹងពីការវាយលុករបស់សត្វល្អិតចង្រៃនេះបាន និងក៏ដូចជាមានវិធានការកំចាត់ ។
គួរបញ្ជាក់ថាវដ្តជីវិតរបស់រុយសមានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។
ក្រៅពីនេះរុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ហើយពួកវានឹងធ្វើសកម្មខ្លាំងនៅពេលព្រឹកដែល ធ្វើឱ្យស្លឹកប្រែពណ៌ លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព។សត្វល្អិតចង្រៃប្រភេទនេះវានឹង បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល ដែលពិសេសដំណាក់កាលចេញកូរ ចេញផ្កា នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។
ដោយឡែកសម្រាប់ វិធានការគ្រប់គ្រងនិងកម្ចាត់រុយសគឺត្រូវឧស្សាហ៍ ចុះពិនិត្យវត្តមានរុយសក្នុងស្រែ យ៉ាងតិច ២-៣ដង ក្នុងមួយសប្តាហ៍។ នៅពេលមានវត្តមានរុយសចន្លោះ ១០-៤០ ក្បាល/គុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅ ពេលព្រឹកចន្លោះម៉ោង ៦:០០-៩:០០។ត្រូវសម្អាតស្មៅដែលជាជម្រករុយសទាំងក្នុងនិងបរិវេណស្រែ។ប្រើអន្ទាក់ស្អិតពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ។បើក្នុងករណីមានប្រជាកររុយសតិច ប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅចំនួន ៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រានិងទឹកចំនួន ១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច ។
កសិករត្រូវ បាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គក្រ ស្លឹកប្រេងខ្យល់ ២គក្រ បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រ រួចចោះ ឱ្យស្អាតហើយបាញ់កន្លែងដែលកើតរុយស)។ ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការត្រឹមត្រូវដែលមានសារធាតុ សកម្មដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl ។
សូមបញ្ជាក់ថារុយសកំពុងបំផ្លាញស្រូវកសិករចំនួន៤ខេត្តហើយគឺ ខេត្តព្រៃវែង ស្វាយរៀង តាកែវ និងពោធិ៍សាត់។ចំពោះការបំផ្លាញផលស្រូវដំណាំវិញគឺប្រមាណ៥ពាន់ហិកតា។សម្រាប់ក្នុងចំណោមនេះខេត្តព្រៃវែងទទួលរងផលប៉ះពាល់ខ្លាំងជាងគេនិងពោធិ៍សាត់បន្តិចបន្តួច៕
ដោយ ៖ ម៉ាដេប៉ូ