អបអរសាទរខួប១៦ឆ្នាំ ដែលប្រាសាទព្រះវិហារត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤នេះជាខួប១៦ឆ្នាំ(៧ កក្កដា ២០០៨-៧ កក្កដា ២០២៤) ដែលប្រាសាទព្រះវិហារដែលមរតកដ៏មហាសាលរបស់កម្ពុជា ត្រូវបានដាក់បញ្ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងប្រទេសកាណាដា។ បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្ស និងអភិវឌ្ឍក្នុងតំបន់ប្រាសាទព្រះវិហារ។

សំណង់ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០)។ប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍ ដែលប្រាសាទព្រះវិហារនេះត្រូវបានស្ថាបនាឡើងពីថ្មភក់ ចាប់តាំងពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។

ប្រាសាទព្រះវិហារជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែកមានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាបនិងប្រមាណ ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ។

គេអាចចងចាំបានថាក្នុងបុព្វហេតុលើកតម្លៃមរតកវប្បធម៌ជាតិ និងការពារអធិបតយ្យភាពជាតិឱ្យបានគង់វង្ស នៅឆ្នាំ២០០១សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតទៅអង្គការយូណេស្កូដើម្បីស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺធ្វើឡើងតាមផែនការដែលគ្រោងទុក ដែលជាអាទិភាពនៃគោលនយោបាយបរទេសរបស់កម្ពុជា។

មួយឆ្នាំក្រោយមកអង្គការយូណេស្កូ បានឆ្លើយតបប្រកបដោយភាពវិជ្ជមាន ក្នុងការជួយរៀបចំឯកសារសម្រាប់ដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។នៅឆ្នាំ២០០៦គណៈកម្មការបេតិកភណ្ឌពិភពលោក បានឯកភាពទទួលយកសំណើរបស់កម្ពុជា ហើយបានបញ្ជូនក្រុមការងារជំនាញ បានមកឃើញស្ថានភាពប្រាសាទក្នុងឆ្នាំ ២០០៧។

បន្ទាប់ពីការសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់រួចហើយនោះ ក្នុងកិច្ចប្រជុំលើកទី៣២នៅទីក្រុងកេបិច ប្រទេសកាណាដានាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ការណ៍ដែលអង្គការយូណេស្កូសម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជ័យឃោស ដុតទៀនទូងស្គរ ប្រគំតន្ត្រីជាដើម។

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលមានបេសកជនពិសេសដូចជាសម្តេចវិបុលបញ្ញា សុខ អាន បានខិតខំរៀបចំឯកសាររួមនិងបែបបទជាច្រើនទៀតបំពេញតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។ បន្ទាប់ពីប្រាសាទត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពបង្កបញ្ហាលើទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារថែមទៀត។

ជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការតស៊ូមតិលើឆាកអន្តរជាតិនោះ គឺការទាមទារឱ្យតុលាការអន្តរជាតិទីក្រុងឡាអេ បកស្រាយឡើងវិញ នូវសាលដីកាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ជាលទ្ធផលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានយល់ស្របតាមសំណើរបស់កម្ពុជា ដោយបានដាក់ចេញនូវវិធានការបន្ទាន់ ដែលតម្រូវឱ្យភាគីទាំងពីរដកទ័ពចេញពីតំបន់គ្មានកងទ័ព បណ្តោះអាសន្នទំហំ ១៧,៣គីឡូម៉ែត្រក្រឡា ព្រមទាំងបានឯកភាព ទទួលពិនិត្យលើសំណើរបស់កម្ពុជា សូមឲ្យបកស្រាយសាលដីកា ឆ្នាំ១៩៦២នេះ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាសម្បត្តិរបស់កម្ពុជា។ ការសម្រេចនេះ គឺជោគជ័យដ៏ធំរបស់ជាតិកម្ពុជាទាំងមូល ក្នុងការប្រឹងប្រែងរក្សាឲ្យបាន នូវទ្រព្យសម្បត្តិរបស់កម្ពុជា ដែលបន្សល់ទុកដោយដូនតា ដូចដែលសម្តេចតេជោ ហ៊ុន សែន តែងតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ថា មិនអនុញ្ញាតឱ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រនោះឡើយ។

ក្រោយការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទីនោះក៏បានក្លាយទៅជាចំណាប់នៃទេសចរជាតិនិងអន្តរជាតិផងដែរ។

នៅឆ្នាំ២០២៣ស្ថិតិភ្ញៀវទេសចរចូលមកទស្សនាប្រាសាទវិហារមានចំនួនសរុប ៩២ ៩៦៦ នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៨៣ ៧២៣ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៩ ២៤៣ នាក់កើនឡើងចំនួន ១២៥,៩ ភាគរយ។

ដោយឡែកកំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,២៧៤នាក់ កើនឡើងជាង៣២ភាគរយធៀបនឹងឆ្នាំមុន។ ក្នុងចំណោមនោះមានភ្ញៀវទេសចរបរទេស១០២នាក់។

យើងទាំងអស់គ្នាជាកុលខ្មែរសូមចូលរួមថែរក្សាការពារ សម្បតិ្តវប្បធម៌ដ៏ល្អផូរផង់របស់យើងដែលមាននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner