ប្រមុខការទូតជប៉ុនកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន

ភ្នំពេញ៖ ប្រមុខការទូតជប៉ុន លោកជំទាវ KAMIKAWA Yoko បានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ជាពិសេសចំពោះស្នាដៃដ៏ធំធេងរបស់សម្ដេចក្នុងដំឡើងកម្រិតទទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតខ្ពស់។ លោកជំទាវមានមោទនភាពជាខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីយ៉ាងស្អិតរមួតរវាងកម្ពុជា និងជប៉ុនលើគ្រប់វិស័យ។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសជប៉ុន ជម្រាបជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់លោកជំទាវជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរវាងកម្ពុជា និងជប៉ុន និងប្រធានបទបច្ចុប្បន្នភាពតំបន់ និងសកល។ លោកជំទាវបានបញ្ជាក់ពីបំណងចង់ឱ្យកម្ពុជា បន្តនិរន្តរភាពនៃការរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣ រួមមាន ទី១ វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជា ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ទី២ វិស័យឌីជីថលដែលវិវត្តឥតឈប់ ដូចជា ប្រព័ន្ធ5G សន្តិសុខអ៊ីនធឺណិត (cyber security)…។ល។ ទី៣ ការតភ្ជាប់សមុទ្រ ដូចជា កិច្ចសហប្រតិបត្តិការផែសមុទ្រ។

លោកជំទាវ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ច និងបង្ហាញពីបំណងចង់ផ្សព្វផ្សាយពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនបន្ថែមទៀតមកកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់របស់ជប៉ុនលើវិស័យបោសសំអាតមីន។ លោកជំទាវ ក៏បានបង្ហាញនូវបំណងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសៀមរាប។ លោកជំទាវក៏បានជម្រាបជូនសម្ដេចថា ជប៉ុនគ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីសកម្មភាពមីននៅអ៊ុយក្រែន នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ និងបានស្នើសុំការគាំទ្រពីកម្ពុជាដើម្បីអាចចូលរួមក្នុងកម្រិតណាមួយ។ ទាក់ទងបញ្ហាតំបន់ លោកជំទាវបានកោតសរសើរកម្ពុជា និងសម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា នាពេលកន្លងមក និងបានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់លើការឯកភាពរបស់អាស៊ាន និងបន្តគាំទ្រអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PCs) ឱ្យមានប្រសិទ្ធភាព។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ពិតជារីករាយដែលបានលោកជំទាវសាជាថ្មី បន្ទាប់ពីជំនួបលើកមុនកាលពី២០ឆ្នាំមុននិង រីករាយដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យសមិទ្ធផលនៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ចាប់តាំងពីជប៉ុនបានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាមក។ សម្តេចបានលើកឡើងថា ប្រទេសជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់ការលូតលាស់របស់កម្ពុជា នៅលើច្រើនវិស័យ ចាប់តាំងពីការជួយទៅលើផ្នែកទឹកស្អាតប្រើប្រាស់ក្នុងក្រុង និងការជួយរំដោះទឹកចេញពីទីក្រុងភ្នំពេញ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាការកសាងកំណាត់ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ដែលជាហាយវ៉េអាស៊ាន…។ល។

សម្ដេច បានអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចធ្លាប់បានជួបគណៈប្រតិភូក្រុមហ៊ុនជប៉ុនយ៉ាងច្រើន និងចង់ឱ្យក្រុមហ៊ុនជប៉ុនមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្ដេច ពិតជាមានមោទនភាពដែលបានធ្វើការជាមួយជប៉ុនរហូតដល់សម្រេចក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីដើមឆ្នាំកន្លងមកនេះ។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា ទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា-ជប៉ុន ពុំមានការផ្លាស់ប្ដូរទេ ផ្ទុយទៅវិញ មានតែជំរុញទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចតេជោបានរំលឹកថា កាលពីខែមករាកន្លងទៅនេះ សម្ដេចបានអញ្ជើញទៅទទួលកែវភ្នែកសិប្បនិម្មិតនៅទីក្រុងតូក្យូ ហើយក្នុងឱកាសនោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានទទួលស្វាគមន៍សម្ដេចយ៉ាងកក់ក្តៅ ទោះបីជាសម្ដេចលែងជានាយករដ្ឋមន្ត្រីក៏ដោយ។ សម្ដេចបានចាត់ទុក ឯកឧត្តម គីស៊ីដា ហ្វូមីអូ ជាមិត្តចាស់។ សម្ដេច ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ដែលបានផ្ញើសារអបអរសាទរសម្ដេច ពេលសម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលទ្ធផលដែលលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុនបានលើកឡើងក្នុងជំនួបជាមួយសម្ដេចធិបតី។ សម្ដេចបន្តថា កម្ពុជាតែងតែគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន។ កម្ពុជាជាប្រទេសដំបូងគេដែលបានគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ជប៉ុន ហើយបានកត់សម្គាល់ថា កម្ពុជាមានជំហរមិនឆ្ងាយពីជប៉ុនទេ នៅក្នុងបញ្ហាអន្តរជាតិ និង ក្នុងការរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងចូលរួមក្នុងសន្និសីទស្ដីពីសកម្មភាពមីននៅអ៊ុយក្រែន នៅក្នុងផ្នែកមនុស្សធម៌។

មុននឹងបញ្ចប់សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន ពាំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខ ជូនចំពោះ ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ឯកឧត្តមប្រធានព្រឹទ្ធសភា ឯកឧត្តមប្រធានរដ្ឋសភា។ ជាចុងក្រោយ ស្ដេចតេជោក៏បានជូនពរឱ្យលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន បានទទួលជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner