ប្រទេសឥណ្ឌូនេស៊ីមានបំណងបង្កើនការនាំអង្ករពីកម្ពុជាឱ្យច្រើនជាងឆ្នាំ២០២៤

កំពង់ស្ពឺ៖ឯកអគ្គរាជទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាឯកឧត្តម Santo Darmosumarto បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី បាននាំអង្ករចូលពីបណ្តាប្រទេសនានាជាងបីលានតោនជារៀងរាល់ឆ្នាំ ។ក្នុងនោះ អង្ករប្រទេសកម្ពុជាមានតិចតួចប៉ុណ្ណោះ។

ក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម Santo Darmosumarto ឯកអគ្គរាជទូតនៃប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានបញ្ជាក់ថា ជំនួបនេះគឺក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសផ្តោតលើវិសយ័ កសិកម្ម និង កសិឧស្សាហកម្ម និងទំនាក់ទំនងរវាងប្រជាជននៃខេត្តកំពង់ស្ពឺពិសេសប្រជាជនកម្ពុជាទាំងមូលនិងប្រជាជននៃប្រទេសឥណ្ឌូនេស៊ីប្រមាណ២៧១លាននាក់។

ឯកឧត្តមបន្តថា ទន្ទឹមនឹងចំនួនប្រជាជនដ៏ច្រើននេះ ប្រទេសឥណ្ឌូនេស៊ីបាននាំចូលនូវអង្ករប្រមាណជាងបីលានតោនក្នុងមួយឆ្នាំ ពីតាមបណ្តាប្រទេសនានាដើម្បីបំពេញនូវការហូបចុក។ក្នុងនោះក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជាផងដែរ។ប៉ុន្តែក្នុងចំណោមជាង៣លានតោននេះគឺអង្ករដែលនាំចេញពីកម្ពុជាក្នុងឆ្នាំ២០២៣ត្រឹមតែ១៥០០តោននិងក្នុងឆ្នាំ២០២៤បានត្រឹមតែ២៣០០តោនប៉ុណ្ណោះ។

ជុំវិញការលើកឡើងរបស់ឯកអគ្គរាជទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជានេះអភិបាលខេត្តកំពង់ស្ពឺឯកឧត្តម ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់ពីសក្តានុពលនៃខេត្តកំពង់ស្ពឺផងដែរ ដែលក្នុងនោះខេត្តកំពង់ស្ពឺគឺមានផ្ទៃដីធំដែលបំពេញដល់តម្រូវការដល់អ្នកវិនិយោគផ្នែកកសិកម្ម និងកសិឧ្សាហកម្ម ហើយជាងនេះផ្នែកឧស្សាហកម្មក៏កំពុងមានការលូតលាស់ខ្លាំងផងដែរ ដែលគិតមកទល់ពេលនេះមានរោងចក្រ សហគ្រាសជាង៤០០កន្លែង។ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺក៏បានសុំឱ្យឯកអគ្គរាជទូតឥណ្ឌូនេស៊ីជួយគៀងគរអ្នកវិនិយោគនៃប្រទេសឥណ្ឌូនេស៊ីដែលមានបំណងចង់រកស៊ីនៅកម្ពុជាឱ្យងាកមកដាក់ទុនវិនិយោគនៅខេត្តកំពង់ស្ពឺដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ឯកអគ្គរាជទូតនៃប្រទេសឥណ្ឌូនេស៊ីប្រចាំកម្ពុជាក៏បានសន្យាថានឹងនាំអ្នកវិនិយោគពិសេសផ្នែកកសិកម្ម(ស្រូវ អង្ករ)នៃប្រទេសឥណ្ឌូនេស៊ីមកដាក់ទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ហើយក្នុងនោះក៏សន្យាបង្កើនការនាំចេញអង្ករពីកម្ពុជាពិសេសនាំចេញអង្ករពីខេត្តកំពង់ស្ពឺឱ្យកាន់ច្រើនតោនបន្ថែមទៀតខណៈការផលិតស្រូវ អង្កររបស់កសិករកម្ពុជាមានគុណភាពល្អ៕
ដោយៈម៉ុន សំអាត

ads banner