ព្រះករុណា ព្រះមហាក្សត្រ៖ ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលបញ្ជាក់ថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។ ព្រះរាជបន្ទូលព្រះមហាក្សត្រ ក្នុងពិធី “រុក្ខទិវា” លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

ព្រះអង្គមានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធី រុក្ខទិវា ៩កក្កដា” ដ៏មានអត្ថន័យ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដ៏ស្រស់បំព្រងនេះ។ នេះគឺជាលើកទី៤ នៃការប្រារព្ធ ពិធីរុក្ខទិវា” ដែលព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គបានមកចូលរួមក្នុងពិធី” រុក្ខទិវា ” នៅ ខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា។ កាលពីឆ្នាំ១៩៩៣ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី “រុក្ខទិវា” នៅខេត្តតាកែវនេះដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះមហាក្សត្របាននាំមកនូវព្រះរាជទានសេចក្តីនឹករលឹក ព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរ បវរមហាប្រសើរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន និងក្មួយៗជនរួមជាតិទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានសុភមង្គលគ្រប់ប្រការតរៀងទៅ។

តាមរយៈរបាយការណ៍ស្វាគមន៍យ៉ាងក្បោះក្បាយរបស់ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្តតាកែវ សូមអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តរួមគ្នាសម្រេច បាននាពេលកន្លងមក និងដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនយើងឱ្យ កាន់តែមានភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ សូមអរគុណ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនេះដែរការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រ បានរម្លឹកថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា” និងសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានាចាប់តាំងពីសម័យសង្គមរាស្ត្រនិយម មក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សាការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលបញ្ជាក់ថា “រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅ ប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ព្រះមហាក្សត្រក៏បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ នានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើ-សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។ ព្រះមហាក្សត្រក៏សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្ស ជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner