អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចអរគុណសម្តេចតេជោ ហ៊ុន សែន

កំពង់ធំ៖ អតីតយុទ្ធជនដែលកំពុងតែ រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ជីវិតថ្មី ជីវភាពថ្មី លំនៅឋានថ្មី រួមទាំងដីបង្កបង្កើនផល ។

ការថ្លែងអំណរគុណ និងដឹងគុណនេះ ក្នុងពេលឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
លោកពលបាលឯក យឿម ម៉ៅ អតីតយុទ្ធជនអតីតនៅអង្គភាពកងវរសេនាតូចលេខ៦ នៃយោធាខេត្តកំពង់ធំ ក្នុងសម័យសង្គ្រាម បាននិយាយថា គ្រួសារគាត់សមាជិកបួននាក់ ។ក្នុងអំឡុងឆ្នាំ២០២១ លោកបានទទួលផ្ទៃដី១,៥ហិកតា,ផ្ទះមួយខ្នងទំហំ៧ម៉ែត្រគុណនឹង៥ម៉ែត្រ, មានបង្គន់អនាម័យ ,អណ្តូងទឹក និងផ្លូវលំ ។ក្នុងរយៈពេលជាង៣ឆ្នាំលោកបានបង្កបង្កើនផល ចិញ្ចឹមសត្វ ធ្វើស្រែបានទិន្នផលស្រូវពី៤០ទៅ៥០ថាំង (មួយថាំងស្មើ២តៅឬចំណុះពី៥០ឬ ៦០ នាលិ)ក្នុងមួយរដូវ និងដាំដំណាំរួមផ្សំ មានដូង អំពៅ ខ្នុរ -ល-និងចិញ្ចឹមសត្វ មាន់ ទា ផងដែរ សម្រាប់លក់ដូរ ដោះស្រាយជីវភាពគ្រួសារ ។គួបផ្សំនឹងប្រាក់បៀវត្សក្នុងមួយខែចំនួន៨៣ម៉ឺនរៀលផង បានធ្វើឳ្យជីវភាពគ្រួសាររបស់លោករស់នៅបានសមរម្យ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ច របស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីភាពលំបាកខ្វះខាត នាពេលកន្លងមក ហើយបច្ចុប្បន្នមានជីវភាពធូធារ។នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីលើកទឹកចិត្តដល់លោក យឿម ម៉ៅ ក្នុងការទិញពូជដំណាំ និងសម្រាប់ដោះស្រាយជីវភាពគ្រួសារ ផងដែរ ៕
ដោយៈ ប៊ុន រដ្ឋា

ads banner