មន្រ្តីដៃគូអប់រំ ជម្រាបថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យអំពីស្ថានភាពសិក្សារបស់សិស្សនៅតំបន់ព្រំដែន
បន្ទាយមានជ័យ៖មន្រ្តីអង្គការដៃគូអភិវឌ្ឍន៍វិស័យអប់រំនៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៤បានជួបជាមួយលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ។ក្នុងជំនួបនេះបានផ្តោតទៅលើការសិក្សារបស់សិស្សនៅតំបន់ព្រំដែនដែលពុំមានលទ្ធភាពរៀនសូត្រ។
លោក ឡុង សេដ្ឋា នាយកមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ(BFT)ដែលជាដៃគូមន្ទីរអប់រំខេត្តបានលើកយកករណីស្ថានភាពសិក្សានៅអនុវិទ្យាល័យភ្នំដងរែកនៃឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ព្រំដែនមានអត្រាសិស្ស បោះបង់ការសិក្សាពាក់កណ្ដាលទី និងឈប់រៀនមានការកើនឡើង ដោយសារកត្តាជីវភាពក្រុមគ្រួសារ និងដល់អាយុធ្វើពលកម្មបានជំរុញឱ្យពួកគេធ្វើចំណាកស្រុក។ លោកបន្តថា ប៊ី អេហ្វ ធី បានចូលរួមជាមួយគណៈកម្មការ និងលោកនាយក អនុវិទ្យាល័យភ្នំដងរែកជួយទំនុកបម្រុងសិស្សពុំមានលទ្ធភាពរៀនសូត្រឱ្យពួកគេបានចូលសាលាវិញ ដោយឱ្យឪពុកម្ដាយ អាណាព្យាបាលសហការផ្ដល់ឱកាសដល់សិស្សខ្វះខាតទាំងនោះរៀនចប់ត្រឹមថ្នាក់ទី១២បានប្រឡងជាប់បាក់ឌុប ឬបានបញ្ចប់កម្រិតសិក្សាទុតិយភូមិ ដើម្បីងាយស្រួលក្នុងការរកទីផ្សារការងារ។ ម៉្យាងអាចបន្តការសិក្សាឬសិក្សាជំនាញវិជ្ជាជិវៈ។
លោកនាយកប៊ី អេហ្វ ធី ក៏បានបង្ហាញពីផែនការបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សអស់ទាំងនោះបានមកស្នាក់នៅ និងរៀនសូត្រ ជាមួយការឧបត្ថម្ភអាហារបីពេលសមរម្យ ផ្ដល់សម្ភារៈសិក្សាមួយចំនួនថែមទៀតនិងឧបត្ថម្ភគ្រូបង្រៀនផងដែរ ។ទន្ទឹមនឹងនេះ BFTក៏បន្តជួយសិស្សមានជីវភាពខ្វះខាតបន្តសិក្សាទៅមុខទៀតឬជួយឱ្យទៅបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈសម្រាប់ពួកគេទៀតផង។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាលខេត្តបានគាំទ្រផែនការជួយទំនុកបម្រុងសិស្សគ្មានលទ្ធភាពសិក្សានៅតំបន់ព្រំដែននេះ ដ្បិតជាការចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យអប់រំ។មួយវិញទៀតសកម្មភាពចូលរួមជួយដោះស្រាយបញ្ហាសិស្សបោះបង់ការសិក្សា ក៏ជាផ្នែកមួយបង្កើតធនធានមនុស្ស ,កាត់បន្ថយចំណាកស្រុករបស់សិស្សក៏ដូចជានិរន្តរភាពសិស្ស និងកាត់បន្ថយអត្រាបោះបង់ការរៀនសូត្រ ។ លោក យឹម សំណាង បានសំណូមពរដល់BFT បន្តជួយទៅដល់សិស្សដែលគ្មានលទ្ធភាពសិក្សានៅតាមកម្រិតសិក្សានានាទូទាំងខេត្តកាន់តែល្អប្រសើរថែមទៀត។
សូមជម្រាបថា ខេត្តបន្ទាយមានជ័យ មានសាលារៀនជាង៥០០សាលារៀន៕
ដោយ៖ គៀន ច័ន្ទហ៊ីន