មន្ត្រីជាន់ខ្ពស់មហាផ្ទៃ៖ដើម្បីគ្រប់គ្រងល្បែង​ស៊ីសង​មានប្រសិទ្ធិភាព លុះត្រាតែបើកមួយបង្ក្រាបមួយ បើកមួយ​បិទមួយ

កំពង់ស្ពឺ៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានផ្តល់ការណែនាំ​ដល់រដ្ឋបាលខេត្តនិងគ្រប់សមត្ថកិច្ចពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ​ថា​ដើម្បី​គ្រប់គ្រងល្បែងស៊ីសងនៅមូលដ្ឋានទទួលបាន​ប្រសិទ្ធិ​ខ្ពស់ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ក្រុង ស្រុក ត្រូវតែអនុវត្តវិធាន​ការ​បើកមួយ បង្ក្រាបមួយ ឬបើកមួយបិទមួយ។

ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​ប្រធានក្រុមការងារពិសេស​តាមដានការអនុវត្ត​គោលការណ៍​របស់​នាយករដ្ឋមន្ត្រីបានបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំត្រួត​ពិនិត្យ​វឌ្ឍនភាពនៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា​លើការងារទប់ស្កាត់ បង្ក្រាប​ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤​នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តម ជួន សុវណ្ណ បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាទៅតាមបណ្តារាជធានី ខេត្តនៅទូទាំង​ព្រះរាជា​ណាចក្រកម្ពុជាឱ្យអនុវត្តឱ្យខានតែបាននូវបញ្ហាបង្រ្កាប​គ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងប្រយោជន៍ដើម្បីរក្សា​ឱ្យបាននូវ​សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនឹងបញ្ចប់សុពលភាព​អាជ្ញាបណ្ណ​ល្បែងនៅឆ្នាំ២០២៦នៅទូទាំងប្រទេស ដោយមិន​បន្តសុពលភាព​និងមិនឱ្យមានការបង្កើតថ្មីនោះទេ។នៅទូទាំង​រាជធានី ខេត្តកន្លងមកទីតាំងល្បែងមានរហូត ៦ ១១៣កន្លែង​។តែក្រោយមាន​បទបញ្ជា​របស់ប្រមុខរាជរដ្ឋាភិបាលទីតាំងទាំង​នោះក៏ត្រូវបានផ្អាកនិងបិទជាស្ថាពរ។

ឯកឧត្តមបានរំឭកដល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងវិធានការ​ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការ​ងើបឡើង​វិញនូវ​ល្បែងស៊ី​សងគ្រប់ប្រភេទទាំងល្បែងមានអាជ្ញាបណ្ណនិងគ្មាន​អាជ្ញាបណ្ណនៅតាមមូលដ្ឋាន ។លោកថា វា​គ្មានអ្វីពិបាកក្នុងការ​គ្រប់គ្រង​និង​ទប់ស្កាត់នោះទេ។​សំខាន់អាជ្ញាធរនិងសមត្ថកិច្ច​ពិសេសមន្ត្រីនគរបាលយុត្តិធម៌​មានការតាំងចិត្តឬអត់?​និងមិនមាន​ជាប់ពាក់ព័ន្ធ​និងផលប្រយោជន៍តែប៉ុណ្ណោះ។ និយាយជារួមគឺបើកមួយ បង្ក្រាបមួយ ឬបើកមួយបិទមួយ ។​បើយើងមិន​អនុវត្តវិធាន​ការនេះទេ​យូរទៅជំងឺនឹងមានភាព​ស៊ាំទៅ​នឹងថ្នាំ ។យូរៗទៅវានឹងក្លាយជាជំងឺមហារីកពិបាក​ព្យាបាលណាស់ ៕
ដោយ៖ ម៉ុន សំអាត

ads banner