អង្ករវៀតណាមត្រូវប៉ាន់ តម្លៃនាំចេញកើនឡើងខ្លាំង

ហាណូយ៖ កាសែតវៀតណាម VNexpress ថ្មីៗនេះ បានចេញផ្សាយអំពីសន្ទុះកំណើន នៃតម្លៃអង្ករនាំចេញរបស់វៀតណាម ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៤ ក្នុងនោះ ជាមធ្យមកើនឡើង១៨ភាគរយ ធៀបនឹងពេលវេលាដូចគ្នា កាលពីឆ្នាំមុន។ រីឯ បរិមាណអង្ករវៀតណាម នាំចេញវិញ បានកើនឡើង ១០,៤ភាគរយ ក្នុងឆមាសទី១ នៃឆ្នាំនេះ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

កាសែតមួយនេះ បានដកស្រង់ប្រភពទិន្នន័យ ពីអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា តម្លៃអង្ករលក់នៅទីផ្សា ប្រទេសសំខាន់ៗ ដូចជា នៅប្រ៊ុយណេ លក់បានថ្លៃ ៩៥៩ដុល្លារ ក្នុងមួយតោន, នៅអាមេរិក លក់បានថ្លៃ ៨៦៨ដុល្លារ ក្នុងមួយតោន, នៅអ៊ុយក្រែន លក់បានថ្លៃ ៨៤៧ដុល្លារ ក្នុងមួយតោន ជាដើម។ រីឯ ហូឡង់, អ៊ីរ៉ាក់ និងតួកគី ក៏បានតម្លៃ ល្អដែរ។

ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសហភាពអឺរ៉ុប បាននិយាយថា ពូជអង្ករក្រអូបពិសេសរបស់វៀតណាម ត្រូវបានគេពេញចិត្តនៅលើទីផ្សា ហើយដោយសារតែគុណភាពលេចធ្លោ នៃប្រភេទអង្ករទាំងនេះ បាននាំឱ្យតម្លៃអង្ករលក់នៅទីនោះ មានកំណើនខ្ពស់។

ក្នុងឆមាសទីមួយ ឬ ៦ខែដំបូង ឆ្នាំ២០២៤ ការនាំចេញអង្កររបស់វៀតណាមបានឈានដល់ ៤,៧ លានតោន ហើយចំណូលនៃការនាំចេញ ជិត៣ពាន់លានដុល្លារ កើនឡើង ៣២% នេះបើតាមប្រភពពី VNexpress ដដែល។ ប្រទេស និងតំបន់ជុំវិញពិភពលោក ប្រមាណ ១៨០ កំពុងទិញអង្ករពីវៀតណាម នេះបើតាមកាសែត VOV ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner