ក្មេងទំនើងនៅមិនទាន់ស្ងប់…សមត្ថកិច្ចបន្តតាមចាប់ខ្លួននៅរាជធានី (Video Inside)

ក្រុមក្មេងទំនើងចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា ក្រុមក្មេងទំនើងទាំង ៦នាក់នេះ គឺជាចំណោមក្មេងទំនើង ១០នាក់ នៃពីរក្រុមផ្សេងគ្នា ដែលបានប្រើដាវកាប់ចាក់គ្នាទៅវិញទៅមក ក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី៦កក្កដា នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងហេតុការណ៍នោះ ក្មេងទំនើងម្នាក់បានរងរបួសធ្ងន់។

សមត្ថកិច្ចបានថ្លែងថា ក្មេងទំនើងទាំង៦ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០កក្កដា និងគេកំពុងស្វែងតាមរកចាប់ក្មេងទំនើងបួននាក់ដទៃទៀត ដែលកំពុងគេចខ្លួន។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ធ្លាប់បានបញ្ជាក់នូវចំណាត់ការបង្ក្រាបក្នុងជំហានទី២ចំពោះក្មេងទំនើងតាមរយៈការ «តាមចាប់ និងតាមរក» ដោយមិនឱ្យមានកន្លែងណាមួយ ជាជំរករបស់ក្មេងទំនើងនោះឡើយ។

ក្រុមក្មេងទំនើង គឺជាក្រុមដែលភាគច្រើនមានប្រភពពីក្មេងមិនស្តាប់បង្គាប់ឱពុកម្តាយ និងគ្រូបង្រៀន ដែលក្រុមក្មេងទាំងនេះ តែងប្រើប្រាស់ដាវសាមូរ៉ៃ និងឧបករណ៍ផ្សេងៗ ធ្វើសកម្មភាពវាយប្រហារគ្នា ក្នុងសហគមន៍ បង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។

សម្តេចធិបតីបានដាក់បទបញ្ជាការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ឱ្យអស់ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។

ads banner