Elon Musk ត្រៀមដាក់បន្ទះឈីបក្នុងក្បាលមនុស្សទី២ ត្រៀមដាក់បន្ទះឈីបក្នុងក្បាលមនុស្សទី២

បរទេស៖ បន្ទះឈីបខួរក្បាលរបស់ក្រុមហ៊ុនអាមេរិក Neuralink កំពុងវិឌ្ឍន៍ល្អ បន្ទាប់ពីបានដាក់ក្នុងក្បាលអ្នកជំងឺ ជាលើកដំបូង កាលពីដើមឆ្នាំ ហើយពេលនេះ លោក Elon Musk កំពុងត្រៀមដាក់បញ្ជូលទៅក្នុងក្បាលអ្នកជំងឺទី២។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី របស់មហាសេដ្ឋីរូបនេះឲ្យដឹងកាលពីថ្ងៃពុធ។

លោក Elon Musk បាននិយាយ តាមរយៈបណ្តាញសង្គម X ថា បច្ចេកវិទ្យាភ្ជាប់ខួរក្បាលនិងកុំព្យូទ័រ ឬ ផ្សាំខួរក្បាល មានភាពប្រសើរឡើង ហើយសង្ឃឹមថា ដំណើរការល្អបែបនេះ នាំឲ្យមានអ្នកជំងឺសរសៃប្រាសាទ ឬ ពិការខួរក្បាល ឬ ជំងឺផ្សេងៗទៀត ជាច្រើននាក់ អាចដាក់បន្ទះឈីបនេះបាន។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញរបស់អាមេរិក ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទរបស់លោក Musk កាលពីខែមករា បានដំឡើងការផ្សាំខួរក្បាល ដាក់បន្ទះឈីប ក្នុងខួរក្បាលអ្នកជំងឺ ឈ្មោះ Noland Arbaugh ដោយជោគជ័យ។ លោក Arbaugh មានជំងឺ ខ្វិនចាប់ពីស្មាចុះក្រោម ដោយសារតែឧបទ្ទវហេតុមុជទឹក កាលពី៨ឆ្នាំមុន។

ចាប់តាំងពីប្រតិបត្តិការផ្សាំមក លោក Arbaugh បានលេងអុក និងវីដេអូហ្គេម ក៏ដូចជារៀនភាសាជប៉ុន និងបារាំង ថែមទៀតផង។ នេះបើតាមការរៀបរាប់របស់លោក Musk និងក្រុមហ៊ុន Neuralink។

មហិច្ឆតារបស់លោក Musk គឺដើម្បីបង្កើនសមត្ថភាពរបស់អ្នកជំងឺ តាមរយៈការព្យាបាលជំងឺសរសៃប្រសាទ ដោយសង្ឃឹមថា នឹងមានទំនាក់ទំនងស៊ីសង្វាក់គ្នាយ៉ាងមានប្រសិទ្ធិភាព រវាងមនុស្ស និង AI ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner