ឆមាសទី១ឆ្នាំ២០២៤ សំណង់ខេត្តកំពតមាន៧៦គម្រោង តម្លៃទុនវិនិយោគជាង៧លានដុល្លារ

កំពត៖លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានឱ្យដឹងថា ខេត្តកំពត​ក្រោម​ការដឹកនាំ​របស់ឯកឧត្តម ម៉ៅ ធនិន វិស័យ​សំណង់នៅតែមានដំណើរការល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអាជ្ញាធរ​ខេត្តយក​ចិត្តទុកដាក់ លើការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភណ​ភាពក្រុង។

លោកស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី បានបន្ថែមថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៤  សំណង់ខេត្តកំពតមាន៧៦​គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង ២១ ៧៩៨ ម៉ែត្រការ៉េ គិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹង ៧ ៣២០ ៦០០ ដុល្លារ ។ក្នុង​នោះគម្រោង​មានលិខិត​អនុញ្ញាត​ចំនួន៦៩​គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង២០ ៧៤៤ ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគ​ប៉ាន់ស្មានស្មើនឹង ៦ ៩៥២ ០៥០ ដុល្លារ។ចំណែកសំណង់គ្មានលិខិតអនុញ្ញាតសាងសាង់សរុប៧គម្រោង ផ្ទៃក្រឡាសរុបស្មើនឹង ១០៥៣ ម៉ែត្រការ៉េ បើគិតជាតម្លៃទុន​វិនិយោគប៉ាន់ស្មានស្មើនឹង ៣៦៨ ៥៥០ ដុល្លារ ។

ពាក់ព័ន្ធនឹងវិស័យសំណង់ លោក យ៉ុន ឡុច វិស្វករប្រចាំការ​ដ្ឋានសំណង់មួយកន្លែងក្នុងក្រុងកំពត ឱ្យដឹងថា បច្ចុប្បន្នវិស័យ​សំណង់​មិនសូវមានសន្ទុះខ្លាំងដូចមុនទេ ប៉ុន្តែនៅខេត្តកំពត​សកម្មភាពសំណង់នៅតែមានពិសេសគម្រោងធំៗ។ការដ្ឋាន​សំណង់នីមួយៗ មានការត្រួតពិនិត្យ និងគោរពតាមបទដ្ឋាន​គតិយុត្តិ និងច្បាប់សំណង់ត្រឹមត្រូវ។

យ៉ាងណាក៏ដោយមន្ត្រីជំនាញស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ក្រុងស្រុក ឃុំសង្កាត់ បន្តជួយផ្សព្វផ្សាយ ដល់ស្ថាប័ននានា និងប្រជាពល​រដ្ឋឱ្យ​បានយល់ដឹងអំពីច្បាប់សំណង់ ឯកសារបទដ្ឋានគតិយុត្តិ និង គោរពតាមនីតិវិធីច្បាប់ ឱ្យបានល្អប្រសើរថែមទៀត ដើម្បីធានាដល់សុវត្ថិភាព គុណភាព និងរក្សាប្រយោជន៍ជូនដល់ម្ចាស់សំណង់៕
ដោយ៖ សិលា សារិន

ads banner