កំណើនសេដ្ឋកិច្ចចិនដាំក្បាលចុះ អចលនទ្រព្យកាន់តែអាក្រក់

ប៉េកាំង៖ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងយឺតជាងការរំពឹងទុកក្នុងត្រីមាសទីពីរឆ្នាំនេះ ដោយសារការធ្លាក់ចុះនូវតម្រូវការ និងតម្លៃអចលនទ្រព្យ ដែលអូសបន្លាយដ៏ពេលយ៉ាងយូរ។ ទន្ទឹមនឹងនោះ ស្ថានភាពការងារធ្វើក៏មិនសូវល្អ ដែលដាក់បន្ទុកបន្ថែមដល់សេដ្ឋកិច្ចរបស់ចិន និងតម្រូវឲ្យទីក្រុងប៉េកាំង ត្រូវអនុវត្តវិធានការជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត។

ទិន្នន័យផ្លូវការដែលស្រង់ចេញផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters និង Nikkei Asia បានបង្ហាញថា សេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកនេះ បានកើនឡើង 4.7% គិតក្នុងអំលុងខែមេសា ដល់ខែមិថុនា ដែលជាកំណើនយឺត បើធៀបនឹងត្រីមាសទី 1 ឆ្នាំ 2023 និងទាបជាងការការព្យាករណ៍របស់អ្នកវិភាគដែលរំពឹងទុកថា សេដ្ឋកិច្ចចិននឹងកើន 5.1%។

ជាមួយនឹងសន្ទុះកំណើនយឺត ការព្រួយបារម្ភជាពិសេសគឺវិស័យអ្នកប្រើប្រាស់ ដោយកំណើននៃការលក់រាយបានធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល 18 ខែ ដោយសារសម្ពាធបរិត្តផរណាបានបង្ខំឱ្យអាជីវកម្មកាត់បន្ថយតម្លៃទំនិញស្ទើរតែគ្រប់ប្រភេទ រាប់ចាប់តាំងពីរថយន្ត រហូតដល់ម្ហូបអាហារ និង សម្លៀកបំពាក់។

យោងតាម Reuters លោក Lynn Song ប្រធានសេដ្ឋវិទូសម្រាប់ Greater China នៅ ING និយាយថា ការប្រឹងផ្លូវឆ្ពោះទៅរកគោលដៅកំណើន 5% នៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសចិន។

លោកបានបន្ថែមថា “ឥទ្ធិពលនៃការធ្លាក់ចុះនូវតម្លៃអចលនទ្រព្យ និងតម្លៃភាគហ៊ុន ក៏ដូចជាកំណើនប្រាក់ឈ្នួលទាប ចំពេលដែលឧស្សាហកម្មផ្សេងៗបន្តកាត់បន្ថយការចំណាយ បានធ្វើឲ្យមានការប្រែប្រួលទៅលើអំណាចទិញ ដែលជាចលករធំបំផុតក្នុងចរន្តសេដ្ឋកិច្ច។

វិបត្តិអចលនទ្រព្យរយៈពេលជាច្រើនឆ្នាំហាក់កាន់តែយ៉ាប់យឺននៅក្នុងខែមិថុនា ដោយសារតម្លៃផ្ទះសង់ថ្មីបានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលប្រាំបួនឆ្នាំ ដែលបំផ្លាញទំនុកចិត្តរបស់អតិថិជន និងរារាំងសមត្ថភាពរបស់រដ្ឋាភិបាលក្នុងតំបន់ក្នុងការបង្កើតមូលនិធិថ្មីៗតាមរយៈការលក់ដីធ្លី។

ការវិនិយោគលើអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ ១០.១ភាគរយ ក្នុងអំឡុងពេល ៦ខែដំបូងនៃឆ្នាំនេះ ខណៈដែលតម្លៃផ្ទះនៅតែបន្តធ្លាក់ចុះនៅក្នុងទីក្រុងនានាទូទាំងប្រទេស។

អត្រាកំណើនផលិតកម្មឧស្សាហកម្ម ក៏បានធ្លាក់ចុះ ៥.៣ភាគរយនៅក្នុងខែមិថុនាផងដែរ ពោលគឺទាបជាងការព្យាករណ៍ ៥.៦ភាគរយ ដែលបានកត់ត្រានៅក្នុងខែឧសភា ប៉ុន្តែបានកើនលើសពីការព្យាករណ៍ ៥ភាគរយ។ ដោយឡែកអត្រាគ្មានការងារធ្វើ បានរក្សានូវស្ថេរភាពនៅត្រឹម ៥ភាគរយក្នុងខែមិថុនា បើធៀបនឹងខែឧសភា។

នៅព្រឹកថ្ងៃចន្ទនេះ ធនាគារកណ្តាលរបស់ប្រទេសចិនបានរក្សាអត្រាផ្តល់ប្រាក់កម្ចីរយៈពេលមធ្យមក្នុងរយៈពេលមួយឆ្នាំនៅត្រឹម ២.៥ភាគរយដល់ស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយបង្កើនលំហូរសាច់ប្រាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ច។ ប៉ុន្តែ ថាតើសេដ្ឋកិច្ចចិនអាចនឹងស្ទុះឡើងបានកម្រិតណានោះ ជាសំណួរដែលពុំទាន់មានចម្លើយជាក់លាក់៕

ប្រភព: Nikkei Asia និង Retuers ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner