កម្ពុជាគ្រោងស្នើសុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត DAVIS CUP គ្រុបទី៣ នាឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖បន្ទាប់ពីជោគជ័យដណ្តើមកៅអីឡើងទៅកាន់គ្រុបទី៣ នៃព្រឹត្តិការណ៍ប្រកួត DAVIS CUP នៅឆ្នាំ២០២៥ ។

ប្រធានក្រុមដឹកនាំកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ គ្រោងស្នើសុំសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ទទួលធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ ខណៈការទទួលរៀបចំព្រឹត្តិការណ៍ពិភពលោក លើកដំបូងរបស់កម្ពុជា ទទួលបានការកោតសសើរពីអាជ្ញាកណ្តាលអន្តរជាតិថា ការរៀបចំល្អលើសបណ្តាប្រទេសមួយចំនួនដែលរៀបចំមុនកម្ពុជា។
ការប្រជែងដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣របស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិភពលោក DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ លោក ទេព រិទ្ធីវីទ្ធ អះអាងថា វាជារឿងដែលមិននឹកស្មានដល់ឡើយ។ ជ័យជម្នះនេះបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករយើង និងមួយផ្នែកទៀតបានមកពីការលើកទឹកចិត្តរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលវត្តមាន ចូលរួមក្នុងពិធីបើករបស់ ឯកឧត្តម បានក្លាយជាចលនាមួយបំផុសផ្សព្វផ្សាយបញ្ជ្រាប់ដល់ប្រជាពលរដ្ឋកាន់តែខ្លាំង។
តាមរយៈសមិទ្ធផលដែលក្រុមវាយកូនបាល់ម្ចាស់ផ្ទះកម្ពុជាទទួលបាននាពេលនេះ គឺបានបង្ហាញថា កម្ពុជាមិនមែនជាប្រទេសធម្មតាឡើយ ។ ពោល កីឡាករវ័យក្មេងកម្ពុជា មានសក្កានុពលខ្លាំង ហើយ រយៈពេលពី៣ទៅ៤ឆ្នាំខាងមុខទៀត កីឡាករវាយកូនបាល់កម្ពុជាកាន់តែខ្លាំងជាងនេះទៅទៀត។

កីឡាករវាយកូនបាល់កូនខ្មែរសុទ្ធវ័យ២១ឆ្នាំ ឡេង សារិនរាជ កីឡាករមួយរូបលេងក្នុងការប្រកួតផ្តាច់ព្រ័ត្រវិញ្ញាសាឯកក្តជន បានថ្លែងថា រូបគេពិជាមានមោទកភាពខ្លាំងណាស់ ដែលប្រកួតដណ្តើមបានជ័យជម្នះជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ពិភពលោក ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ហើយ ជ័យជម្នះនេះ នឹងក្លាយជាបទពិសោធន៍មួយ ដែលជួយឱ្យខ្លួនពង្រឹងភាពក្លាហានកាន់តែល្អសម្រាប់ការវិឌ្ឍខ្លួនក្នុងវិស័យកីឡាវាយកូនបាល់។ សម្ភាសន៍ ឡេង សារិនរាជ។ ក្នុងព្រឹត្តិការណ៍ពិភពលោក ជាប្រវត្តិសាស្រ្តដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ក្រុមកីឡាវាយកូនបាល់កម្ពុជា គឺ ស្ថិត នៅក្នុងពូលB ជាមួយប្រទេសចំនួន៣ គឺ អ៊ីរ៉ាក់ គុយវ៉ែតនិង ប្រទេសមីយ៉ាន់ម៉ា ។ ក្នុងចំណោម៣ប្រទេសនេះ កម្ពុជាប្រកួតឈ្នះ២ប្រទេស អ៊ីរ៉ាក់ មីយ៉ាន់ម៉ា និងចាញ់ប្រទេសគុយវ៉ែត ហើយ វគ្គខ្វែងដែលជាវគ្គដណ្តើមកៅអី ក្រុមកម្ពុជាឈ្នះប្រទេសប្រទេសកាតាលេខ១ក្នុងពូលA៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner