កូរ៉េខាងត្បូងចាយ ៦ពាន់លានដុល្លារ ទិញយន្តហោះពី Boeing
សេអ៊ូល៖ ក្រុមហ៊ុន Boeing ជិតឈានដល់ការលក់យន្តហោះ 777X ទៅឱ្យក្រុមហ៊ុន Korean Air នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃពី ៤ ទៅ ៦ពាន់លានដុល្លារ ដែលអាចនឹងរួចរាល់នៅអំឡុងថ្ងៃទី២២ ដល់២៦ ខែកក្កដា នេះបើយោងតាមប្រភពពីឧស្សាហកម្មអាកាសចរណ៍។
ការបញ្ជាទិញយន្តហោះ 777X ចន្លោះពី ២០ ទៅ ៣០គ្រឿង ដែលមានតម្លៃប្រហែល ១៩៨លានដុល្លារក្នុងមួយគ្រឿងៗនេះកើតឡើង បន្ទាប់ពីមានការលក់បញ្ចុះតម្លៃជាងទីផ្សារធម្មតា នេះបើយោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនវិភាគ Cirium Ascend ។
777X គឺជាយន្តហោះដែលមានម៉ាស៊ីនភ្លោះដ៏ធំបំផុត មានកៅអីអង្គុយប្រហែល ៤០០ ប៉ុន្តែការធ្វើប្រតិបត្តិការរបស់យន្តហោះនេះ ត្រូវបានពន្យារពេលដល់ទៅ ៥ឆ្នាំ ដោយសារបញ្ហាបច្ចេកទេស។
ជាមួយគ្នានេះ អ្នកវិភាគផ្នែកឧស្សាហកម្មអាកាសចរណ៍ បាននិយាយថា ការបញ្ជាទិញយន្តហោះ 777X នឹងក្លាយជាការជំរុញសន្ទុះមួយសម្រាប់ Boeing បើទោះបីជាក្រុមហ៊ុនវិភាគមិនរំពឹងថា Boeing នឹងមិនមានការបញ្ជាទិញធំៗនៅឆ្នាំ ២០២៤នេះក៏ដោយ។
ក្រុមហ៊ុន Korean Air បានរាយការណ៍ពីប្រាក់ចំណូលក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ ជាង ២ពាន់លានដុល្លារ កើនឡើង ២០ភាគរយ ដែលជំរុញដោយការធ្វើដំណើរតាមផ្លូវអាកាសសន្ទុះងើបឡើងវិញ និងតម្រូវការដឹកទំនិញ នេះបើយោងតាមប្រភពពីគេហទំព័រ Korean Air៕ ប្រភព: រ៉យទ័រ ប្រែសម្រួលដោយ: ឈឹម ទីណា