រដ្ឋលេខាធិការក្រសួងអធិការកិច្ច ៖ មន្រ្តីដែលធ្វើការងារក្នុងវិស័យអធិការកិច្ច ត្រូវមានចំណេះជំនាញគ្រប់គ្រាន់ តាមរយៈការរៀនសូត្រ និង ការពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនជាប្រចាំ

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាព ការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ នៅតាមក្រសួង ស្ថាប័ន នាៗ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមយុទ្ធសាស្រ្តរាជដ្ឋាភិបាល អណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអធិការកិច្ច បានរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ចដល់មន្រ្តីរាជការជាច្រើន តាមបណ្តា ក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈ វិទ្យាស្ថានជាតិអធិការកិច្ច ។

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ នៅទីស្តីការក្រសួងអធិការកិច្ច។

នាយកវិទ្យាស្ថានអធិការកិច្ច ឯកឧត្តម សោម ប៉ូរ៉ាន់ បានឲ្យដឹងថា សម្រាប់វគ្គនេះ សិក្ខាកាមចូលរួមមានចំនួន ៥២នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ១២ និងសាលារាជធានី ខេត្តចំនួន ៥។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើប្រធានបទចំនួន ៧ រួមមាន ទិដ្ឋភាពរួមនៃការងារអធិការកិច្ច, ប្រព័ន្ធ នយោបាយ ប្រព័ន្ធគ្រប់គ្រងរដ្ឋ និងយុទ្ធសាស្រ្តបញ្ចកោណ, ស្ថាប័នអធិការកិច្ចរបស់ប្រទេសមួយចំនួន, ស្ថាប័នអធិការកិច្ច និងមន្រ្តីអធិការកិច្ច, គណនេយ្យ-ហិរញ្ញវត្ថុ, ផែនការ កំណត់ហតុ និងរបាយការណ៍ និងវិធីសាស្រ្តអធិការកិច្ច។

ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ មានប្រសាសន៍ថា ក្រសួងអធិការកិច្ច បានប្តូឈ្មោះមកពី « ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដាក់ចេញផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ច រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាងនិងពង្រឹងមូលធនមនុស្ស ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច ទាមទារឱ្យ មន្រ្តីដែលធ្វើការងារក្នុងវិស័យអធិការកិច្ច ត្រូវមានចំណេះជំនាញគ្រប់គ្រាន់ តាមរយៈការរៀនសូត្រ និង ការពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនជាប្រចាំ។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច មិនត្រឹម តែផ្តល់ចំណេះដឹងដល់មន្រ្តីរាជការអធិការកិច្ច យកទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បី លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងគណនេយ្យភាពការងារប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ក្រម សីលធម៌វិជ្ជាជីវៈអធិការកិច្ច ដែលជាកត្តារួមផ្សំដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើក កម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អនៅកម្ពុជា។ ជាមួយគ្នានោះឯកឧត្តម សំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់ និងចូលរួមគ្រប់សកម្មភាពដើម្បីអោយការបណ្តុះបណ្តាលនេះមានផ្លែផ្កា និងទទួលបានជោគជ័យ ។

សូមជម្រាបជូនថា វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ប៉ុន្តែចាប់ដំណើរការនៅឆ្នាំ ២០១៩។ ក្នុងរយៈពេលជាង៥ឆ្នាំនេះ វិទ្យាស្ថានជាតិអធិការកិច្ច បានរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការរបស់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ៧០០នាក់ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner