សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ក្រោមម្លប់សន្តិភាព ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល

នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និសិ្សតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបានឱកាសទៅសិក្សានៅប្រទេសសិង្ហបូរី និងជប៉ុន របស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។ សម្តេច មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទំាងអស់នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។

សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន៣០នាក់ ដែលក្នុងនោះមានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនចំនួន២៥ នាក់ និងទៅសិង្ហបូរីចំនួន៥នាក់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចរដ្ឋសភាធិបតី បានកោតសរសើរពីការសិក្សារបស់ជ័យលាភីទំាងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍ដែលមិនមែនជាការធម្មតានោះទេ គឺត្រូវទាមទារការតស៊ូនិងព្យាយាមជាខ្លំាងណាស់ និងត្រូវឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងវាយតម្លៃយ៉ាងហ្មត់ចត់ ទើបសម្រេចទទួលបានអាហាររូបករណ៍នេះ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទំាងប្រទេសជប៉ុន និងសិង្ហបូរី ជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជឿនលឿនខ្លាំង ហើយគេតែងចាត់ទុកប្រទេសនេះ ជាប្រទេសមួយដែលមានការរីកចម្រើន ជឿនលឿនក្នុងតំបន់ និងនៅលើលោកពិភពលោកខាងប្រព័ន្ធសិក្សាអប់រំ។ ម្យ៉ាងវិញទៀត សម្តេច បានគូសបញ្ជាក់ថាក្មួយៗនិស្សិតទំាងអស់ដែលបានកើតនិងធំធាត់នៅក្នុងសម័យសន្តិភាពនេះ ពិតជាមានសំណាងខ្លំាងណាស់ បើប្រៀបធៀបទៅនឹងសម័យសម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត កាលនៅវ័យក្មេង។ កាលនៅជាយុវជន សម្តេចបានជាប់អាហារូបករណ៍ Columbo នៃប្រទេសអូស្រា្តលី ផងដែរ ប៉ុន្តែមិនបានចេញទៅសិក្សានោះទេដោយសារប្រទេសជាតិបានធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលរបបប៉ុលពតឡើងគ្រប់គ្រងប្រទេស នៅក្នុងឆ្នាំ១៩៧៥។

ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត បានខិតខំកសាង អភិវឌ្ឍប្រទេសជាតិ លះបង់គ្រប់យ៉ាងដើម្បីកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្នុងនាមពលរដ្ឋខ្មែរ ក្មួយៗនិស្សិតទំាងអស់ ពិតជាមានមោទកភាព ដែលបានរស់នៅក្នុងរបបសន្តិភាពដែលកម្ពុជាស្មើមុខស្មើមាត់និងគេនៅឆាកអន្តរជាតិ ខុសឆ្ងាយពីអតីតកាលដែលគេស្គាល់កម្ពុជា តែរបបខ្មែរសម្លាប់ខ្មែរ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ និងកំពុងថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ក្នុងពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងស្វែងរកសន្តិភាពនៅឡើយ។

សម្តេចរដ្ឋសភាធិបតី បានក្រើនរំឭកថា ចំណេះដឹងនិងបទពិសោធន៍ដែលក្មួយៗនឹងទទួលបានពីក្រៅប្រទេសប្រាកដជាមានតម្លៃក្នុងការរួមចំណែកដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា។“ក្មួយៗអាចចាត់ទុកជាអ្នកដឹកនាំវ័យក្មេង ដែលពោរពេញទៅដោយក្តីសុបិន ថាមពល និងការលើកទឹកចិត្ត ដែលនឹងរួមចំណែកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ផ្តាំផ្ញើឱ្យក្មួយៗនិស្សិតថែរក្សាសុខភាពឱ្យបានល្អ ចេះសាមគ្គីគ្នា ក្នុងអំឡុងពេលនៅឆ្ងាយពីផ្ទះ ពីគ្រួសារ និងត្រូវខិតខំស្រូបយកចំណេះដឹង និងប្រាជ្ញាជាក់ស្តែងពីប្រទេសគេ ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។

ជាចុងក្រោយ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់និស្សិតទំាងអស់ត្រូវរក្សាឱ្យបានគត់មត់នូវឱកាសដ៏សំខាន់នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបប្រកបដោយបញ្ញាញាណ សីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ។ ជាងនេះទៀត ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងត្រូវបង្កើតមិត្តភាពល្អ និងតភា្ជប់ទំនាក់ទំនងជាមួយប្រជាជនសិង្ហបុរី ជប៉ុន និងប្រទេសផ្សេងទៀត តាមដែលអាចធ្វើទៅបាន ព្រោះការតភ្ជាប់ទាំងនេះនឹងបង្កើននូវបទពិសោធន៍ ការសិក្សាផ្ទាល់ខ្លួន និងរួមចំណែកដល់ទំនាក់ទំនងអន្តរជាតិកាន់តែរឹងមាំផងដែរ។ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថា យុវជនត្រូវធ្វើខ្លួនជាឯកអគ្គរាជទូតម្នាក់តំណាងប្រទេសជាតិ និងត្រូវស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ ការពារតម្លៃប្រទេសជាតិ នៅគ្រប់ពេលវេលា៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner