យន្តហោះសិង្ហបុរី ទៅហុងកុង ហោះត្រលប់ក្រោយវិញ ជាបន្ទាន់

បរទេស៖ យន្តហោះដឹកអ្នកដំណើរ ជាង៣០០នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ឬ Singapore Airlines ក្នុងពេលប៉ុនប៉ងហោះ ទៅកាន់ទីក្រុងហុងកុង បានសម្រេចចិត្តហោះត្រលប់ក្រោយវិញជាបន្ទាន់ បន្ទាប់ពីបានដឹងពីបញ្ហាបច្ចេកទេស។

ក្រុមហ៊ុនបញ្ជាក់ថា យន្តហោះ Airbus A380 ដែលដំណើរការជើងហោះហើរ SQ892 បានត្រឡប់ ទៅកាន់អាកាសយានដ្ឋាន Changi វិញ កាលពីថ្ងៃអាទិត្យ។ នេះបើតាមអ្នកនាំពាក្យរបស់ Singapore Airlines។

យន្តហោះនេះដឹកអ្នកដំណើរ ៣១១ នាក់ និងបុគ្គលិកបម្រើសេវា ចំនួន២៧ នាក់។
អ្នកដំណើរទាំងអស់ ត្រូវបានផ្តល់អាហារសម្រន់ និងជំនួយចាំបាច់ ក្រោយពេលចុះចត។ បន្ទាប់មក ពួកគេត្រូវបានផ្ទេរទៅ យន្តហោះ Airbus A380 មួយផ្សេងទៀត ហើយបានចាកចេញពីសិង្ហបុរី ទៅកាន់ទីក្រុងហុងកុង ដោយសុវត្ថិភាព។

Singapore Airlines ប្រកាសសូមអភ័យទោសចំពោះភាពរអាក់រអួល ដោយបញ្ជាក់ថា សុវត្ថិភាពរបស់អតិថិជន និងបុគ្គលិកទាំងអស់ តែងតែជាអាទិភាពកំពូល របស់ក្រុមហ៊ុន។ យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់លម្អិត ពីបញ្ហាបច្ចេកទេស នេះទេ។

គួរកត់សម្គាល់ថា កាលពីខែឧសភា យន្តហោះរបស់ Singapore Airlines បានជួបហេតុការណ៍ខ្យល់គួច ស្លាប់អ្នកដំណើរម្នាក់ ហើយមនុស្សរាប់សិបនាក់ទៀត របួសធ្ងន់ ស្រាល ដោយយន្តហោះបង្ខំចិត្ត ចុះចតបន្ទាន់ នៅប្រទេសថៃ៕

ប្រភពពី Mothership ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner