អភិបាលខេត្តទើបចូលកាន់តំណែងថ្មីទិញម៉ូតូ និងសម្ភារៈ ជូនដល់កម្លាំងចម្រុះបង្រ្កាបបទល្មើសធនធានធម្មជាតិ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បន្ទាប់ពី​ប្រកាសចូលកាន់តំណែងកាលពីពេលថ្មីៗកន្លងទៅនេះ និងជា​ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានប្តេជ្ញាចិត្ត​យ៉ាងមុះមុត ក្នុងកិច្ចការពារទប់ស្កាត់ បង្ក្រាបបទល្មើសធនធាន​ធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានសម្រេចចិត្ត​យកថវិកាផ្ទាល់ខ្លួនទិញម៉ូតូ១៤គ្រឿង ប្រគល់ជូនដល់កង​កម្លាំងចម្រុះ សម្រាប់​បង្រ្កាបបទល្មើសធនធានធម្មជាតិ រួមទាំងប្រេងសាំង ១. ៤០០លីត្រ ព្រមទាំងភេសជ្ជៈ ស្បៀងអាហារ និងគ្រឿងឧបភោគ​បរិភោគមួយចំនួនទៀត ។

ការសម្រេចចិត្តរបស់ឯកឧត្តម អភិបាលខេត្តកំពង់ធំក្នុង​ឱកាសប្រជុំបូកសរុបលទ្ធផលការងារបង្រ្កាបបទល្មើសនាសប្ដាហ៍នេះ បន្ទាប់សំណូមពរឧត្តមសេនីយ៍​ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអនុ​ប្រធានអចិន្ត្រៃយ៍​គណៈកម្មការគ្រប់គ្រងការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត​កំពង់ធំ ក្នុងគោលបំណង​បម្រើក្នុងសកម្មភាពការពារទប់ស្កាត់ និងបង្រាបបទល្មើសឱ្យទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ​បត្តិការសឹករង បញ្ជាក់ពីលទ្ធផលសកម្មភាពការងារ​រយៈពេល៧៥ថ្ងៃ ក្នុងការបង្រ្កាបបទល្មើស គឺទទួល​បានលទ្ធផលជោគជ័យ ដោយបានគ្រប់គ្រងផ្ទៃដីមក​វិញ​ជាង១.៣០០ហិកតា ស្រាវជ្រាវមុខសញ្ញ ដើម្បីកសាង​សំណុំរឿងបញ្ជូនទៅកាន់តុលាការ និងថា ភាពជោគជ័យនេះ គឺដោយសារកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សហការគ្នាបានល្អ និងបន្តសកម្មភាពដូចភ្លៀងរលឹម។

ឯកឧត្តម នួន ផារ័ត្ន បានគាំទ្រការអនុវត្តនូវវិធានការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ឲ្យដូចភ្លៀងរលឹម មិនដកថយឡើយ ត្រូវរៀបចំយុទ្ធនាការ​ក្នុងការប្រើប្រាស់កម្លាំងសរុប ដើម្បីដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលបានកាប់រាន​កន្លងទៅ និងផ្ទៃដីដែលបាន​ដករហូតពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner