ពិធីដង្ហែព្រះបរមអដ្ឋិធាតុ សម្ដេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស យកទៅតម្កល់នៅទីព្រះចុល្លាមុនីចេតិយ វត្តអារញ្ញសាគរ

សៀមរាប៖ ព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូចៅអធិការ ព្រះថេរា​នុត្ថេរៈ មកពីបណ្តាវត្តអារាមនានាក្នុងខេត្ត រួមជាមួយ​ពុទ្ធបរិស័ទ ទាំងជិតឆ្ងាយ បាននិមន្ត និងអញ្ជើញចូល​រួមដង្ហែព្រះបរមអដ្ឋិធាតុ (មួយចំណែកតូច) សម្ដេចព្រះ​អគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយដើម្បីយកទៅតម្កល់ នៅ​ទី​ព្រះចុល្លា​មុនីចេតិយវត្តអារញ្ញសាគរ នៃភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

ពិធីដង្ហែដែលប្រព្រឹត្តទៅដោយថ្មើជើងនិងរថយន្ត ដែល​ប្រព្រឹត្ត​ធ្វើនៅដើមសប្ដាហ៍នេះ បានផ្តើមចាប់ពីវត្តពោធិ៍បន្ទាយ​ជ័យ ឆ្ពោះទៅវត្តអារញ្ញសាគរ។

ក្នុងនាមសិស្សគណ និងក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តសៀមរាប ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរ​គណខេត្ត ព្រះគ្រូវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅធិការវត្តអារញ្ញសាគរ និង លោក ពិន ប្រាកដ អភិបាលរងខេត្ត រួមជាមួយព្រះថេរានុត្ថេរៈនិងប្រជាពុទ្ឋបរិស័ទ​បានបូជាផ្កាកម្រងអុជទៀនធូប សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះ​បរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ។

ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ មានថេរដីកាថា ការដង្ហែនាំ​យកព្រះបរមអដ្ឋិធាតុ មួយចំណែកតូចរបស់ សម្ដេចព្រះ​អគ្គមហាសង្ឃ​រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស យកមកតម្កល់នៅទីព្រះចុល្លាមុនីចេតិយ ក្នុងគោលបំណង​ដើម្បីជាការរំលឹក គុណូបការៈ ចំពោះសម្ដេច ដែលតែងតែ​លះបង់ កម្លាំងកាយពលជូនមាតុភូមិ បម្រើជាតិសាសនា ព្រះមហាក្សត្រ ហើយសម្ដេចតែង​តែយាង​មកវត្តអារញ្ញសាគរ​នេះ។ម្យ៉ាងទៀតបង្កភាពងាយស្រួលដល់ព្រះសង្ឃ និង​ពុទ្ធបរិស័ទក្នុងមូលដ្ឋាននិងអ្នកខេត្តសៀមរាប ដែល​គាត់ពុំមាន​ឱកាសបានទៅគោរពបូជានៅរាជធានីភ្នំពេញអាចមកធ្វើអភិវន្ទកិច្ចគោរពបូជាថ្វាយផ្កាកម្រង ទៀនធូបនៅ​ទីនេះបាន​គ្រប់ពេលគ្រប់វេលាដោយមិនចាំបាច់ឡើងទៅរាជធានីភ្នំពេញ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួល​អនិច្ចធម្ម នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលា​ម៉ោង​០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ ។ព្រះរាជពិធីថ្វាយ​ព្រះភ្លើងព្រះបរមសពសម្តេច បានប្រព្រឹត្តិទៅ​យ៉ាងអធិកអធមក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ជាទីបំផុតព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកព្រលឹមថ្ងៃ​ចន្ទ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤៕
ដោយ៖ ប៊ុន រដ្ឋា

ads banner