កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួល​ការហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរងនាយ​សេនាធិការតំណាងឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​រង​កង​ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឧត្ដម​សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក​រងកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០២៤។

វគ្គនេះបានប្រារព្ធកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានរយៈពេល៩១ថ្ងៃ ដោយមានសិក្ខាកាមចូលរួម​៨០នាក់ និងគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ ព្រមទាំងអ្នក​បម្រើការចំនួន១០នាក់ ។

ឧត្ដមសេនីយ៍ទោ សុក រីនណា កោតសរសើរនូវកិច្ចការ​ដែលសម្រេចបានជោគជ័យ របស់នាយទាហានទាំងអស់ និងបានផ្តាំផ្ញើ​ដល់យោធាចារ្យ និងសិក្ខាកាមយកចិត្តទុកដាក់​បង្រៀន រៀនសូត្រតាមកម្មវិធី និងខ្លឹមសារមេរៀន គោរពវិន័យ​សាលាក្នុង​ពេល​រៀនសូត្រ ព្រមទាំងមានការសាមគ្គីភាពល្អ រវាងគ្នានឹងគ្នា រវាងសិក្ខាកាម និងយោធាចារ្យ ប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ ។

ក្នុងឱកាសនេះឧត្ដមសេនីយ៍ឯកពៅ ហេង បានឧបត្ថម្ភជា​ថវិកានិងឧត្ដមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភ ជាអង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវសម្រាប់ផ្គត់ផ្គង់ដល់រោង​បាយប្រចាំថ្ងៃសិក្ខាកាម ៕ ដោយ ប៊ុន រដ្ឋា

ads banner