មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្របង្កាត់ក្តាមថ្ម​ទទួលបានជោគជ័យ

ខេត្តព្រះសីហនុ៖ បន្ទាប់ពីសាកល្បងបង្កាត់ក្តាមថ្មរួចមកនាពេលនេះមណ្ឌល​ស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDeC) បានប្រកាសទទួល​ជោគជ័យក្នុងការបង្កាត់ក្តាមថ្ម ដែលជាប្រភេទក្តាមមានរស់ជាតិឆ្ងាញ់ និង​មានទីផ្សារខ្ពស់នោះចំនួន៣លើកមកហើយ ដែលនេះត្រូវបានគេចាត់ទុកថា ជាជំហ៊ានជោគជ័យមួយយ៉ាងសំខាន់ក្នុងការពង្រីកពូជក្តាមថ្មនៅប្រទេសកម្ពុជា។

លោក ម៉ម សុខ តារា នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម​សមុទ្រ នៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្មប្រចាំនៅខេត្តព្រះសីហនុ របស់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពី​សហ​គ្រាស​ជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្ត កោះកុង និងព្រះសីហនុនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ ឱ្យដឹងថា ៖ ក្តាមថ្មដែលគេយកមកបង្កាត់នៅមជ្ឈមណ្ឌលកន្លែងនេះយកមកពីខេត្តកោះកុង ទាំងលើកទី១ លើកទី២ និងលើកទី៣នេះបានយកពីខេត្តកោះកុងរួមជា​មួយក្តាមថ្មយកមកពីស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

លោកបានបញ្ជាក់ប្រាប់ថា”ក្តាមថ្មនៅស្រុកខ្មែរមាន ២ប្រភេទ ក្តាមព៌ណរាង​ខ្មៅ​បានធ្វើការបង្កាត់ទទួលជោគជ័យហើយ ចំណែកក្តាមថ្មរាងព៌ណប្រផេះ​នៅមិន​ទាន់បានបង្កាត់នៅឡើយទេ” ។ សម្រាប់ក្តាមថ្ម ដែលបង្កាត់បាននេះ គឺស្ថិតនៅក្នុងការសាកល្បងនៅឡើយ ហើយការបង្កាត់បានគឺភាគច្រើន​យកទៅលែងតាមទឹកប្រៃក្នុងធម្មជាតិរបស់វាពិសេសតាមព្រៃកោងកាង និងលែងតាមសហគមន៍ ។

ទាក់ទិនទៅនឹងការបង្កាត់ពូជត្រីសមុទ្រនេះត្រូវបាន លោក លើកឡើងថា ដោយសារការថមថយចុះជាបន្តបន្ទាប់ ហើយការបង្កាត់នេះក្រៅពីលែង​ក្នុងធម្មជាតិហើយ នៅថ្ងៃខាងមុខគេនឹងមានបំណងចែកចាយទៅវិស័យ​ឯកជនសម្រាប់ផ្គត់ផ្គង់លើទីផ្សារថែមទៀត។

លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា ៖ មជ្ឈមណ្ឌលមួយនេះបានបង្កាត់ទាំងត្រី និងក្តាមសមុទ្រ ដែលជាជំហ៊ានថ្មីមួយទៀតសម្រាប់លែងក្នុងទីជម្រកធម្មជាតិ និងអាចផ្គត់ផ្គង់ទៅតាមវារីវប្បកម្មសមុទ្រមួយចំនួនថែមទៀត។ត្រីដែលឆ្លងកាត់ការបង្កាត់នៅទីកន្លែងនេះយើងមានប្រវត្តិត្រឹមត្រូវដែលនៅពេលឈឺអាចព្យាបាលទាន់ពេលវេលា ចំណែកបើជាត្រីនាំចូលមកពីបរទេសវាប្រឈមនឹងរោគជំងឺដែលពិបាកក្នុងការព្យាបាល ។

លោក ជំទាវ អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា ៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រគឺជាកន្លែងបង្កាត់ពូជសត្វសមុទ្រដ៏សំខាន់ សម្រាប់ការចែកចាយ និងក៏ដូចជាទីកន្លែងសម្រាប់បង្កើនចំនួនត្រី ក្តាម និងសត្វដទៃទៀតនៅកម្ពុជា ។

លោកជំទាវបានថ្លែងដោយបញ្ជាក់ថាវារីវប្បកម្មគឺជាប្រភពផ្គត់ផ្គង់ផលិតផល ជលផល ដ៏សំខាន់នាពេលអនាគតរបស់កម្ពុជា ក្នុងនេះមិនថាជាវារីវប្បកម្មទឹកសាប ឬវារីវប្បកម្មសមុទ្រនោះទេ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលនេះត្រូវបាន បង្កើតឡើង កាលពីអំឡុងខែ មេសាឆ្នាំ២០១២ ដើម្បីជួយដោះស្រាយបញ្ហាមួយចំនួន ពិសេសកង្វះខាតពូជផលិតផលជលផលសមុទ្រមានគុណភាពរួមទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាស្រាវជ្រាវវារីវិប្បកម្មសមុទ្រ ។ សម្រាប់ពូជកូនត្រីនៅមជ្ឈមណ្ឌលនេះ រួមមាន ត្រីតុកកែ ត្រីស្តង់ ក្តាមសេះ ក្តាមថ្ម ។ កន្លងមកមជ្ឈមណ្ឌលបានលែងក្តាមសេះ ប្រមាណ ១លានក្បាលទៅក្នុងសមុទ្រ និង ត្រីស្តង់ប្រមាណ ៥ម៉ឺនក្បាល ក្នុងមួយឆ្នាំ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner