វារីវប្បកម្មសមុទ្រ-វារីវប្បកម្មទឹកសាប នឹង ជួយផុ្គត់ផ្គង់ដល់ផលិតផល ជលផល នៅកម្ពុជានៅថ្ងៃអនាគត

ភ្នំពេញ៖ វារីវប្បកម្ម(ការចិញ្ចឹមត្រី)សមុទ្រកំពុងតែបោះជំហ៊ានមួយដែលសំដៅឈានទៅក្នុងការផ្គត់ផ្គង់ទីផ្សារនៃផលិតផលជលផលនៅកម្ពុជា ដែលព្រមជាមួយគ្នាវារីវប្បកម្មទឹកសាបកំពុងមានសន្ទុះកើនឡើងដូចគ្នាក្នុងការផ្គត់ផ្គង់លើផលិតផល ជលផលនៅកម្ពុជាឱ្យមានស្ថេរភាពនៅថ្ងៃអនាគត។

លោក ជំទាវ អឹមរចនា អ៊ឹម រចនា មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទក្នុងដំណើរ ទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយ របស់អ្នកសារព័ត៌មាន អំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្ត កោះកុង និងព្រះសីហនុ នាថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២៤ឱ្យដឹងថា៖មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ(MARDeC)នៅខេត្តព្រះសីហនុគឺជាកន្លែងបង្កាត់ពូជសត្វសមុទ្រដ៏សំខាន់ សម្រាប់ការចែកចាយ និងក៏ដូចជាទីកន្លែងសម្រាប់បង្កើនចំនួនត្រី ក្តាម និងសត្វដទៃទៀតនៅកម្ពុជា។

លោកជំទាវបានថ្លែងដោយបញ្ជាក់ថាវារីវប្បកម្មគឺជាប្រភពផ្គត់ផ្គង់ផលិតផល ជលផល ដ៏សំខាន់នាពេលអនាគតរបស់កម្ពុជា ដែលវាផ្តល់ការទ្រទ្រង់ និងក៏ដូចជាជួយបំពេញបន្ថែមនៃចំនួនត្រីក្នុងធម្មជាតិ។

លោក សេតធី ស៊ីថារ៉ាម៉ាប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការយូនីដូ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ គឺជាមជ្ឈមណ្ឌលមួយកំពុងក្លាយជាកន្លែងចែកចាយ និងក៏ដូចជាបណ្តុះនូវផ្នត់គំនិតគំរូដល់វារីវប្បករដទៃទៀតសម្រាប់អភិវឌ្ឍន៍វិស័យជលផលនៅកម្ពុជា។ដោយឡែកសម្រាប់វារីវប្បកម្មទឹកសាបក៏មានសារសំខាន់ដូចគ្នាក្នុងការផ្តត់ផ្គត់ទីផ្សារទាំងក្នុងស្រុកនិងក្រៅប្រទេស។

លោក ម៉ម សុខ តារា នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្មប្រចាំនៅខេត្តព្រះសីហនុបានឱ្យដឹងថាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ បង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាមួយចំនួន ពិសេសកង្វះខាតពូជផលិតផលជលផលសមុទ្រមានគុណភាពរួមទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាស្រាវជ្រាវវារីវិប្បកម្មសមុទ្រ ។

លោកបានប្រាប់ថា៖សម្រាប់ពូជកូនត្រីនៅមជ្ឈមណ្ឌលនេះ រួមមាន ត្រីតុកកែ ត្រីស្តង់ ក្តាមសេះ ក្តាមថ្ម។កន្លងមកមជ្ឈមណ្ឌលបានលែងក្តាមសេះ ប្រមាណ ១លានក្បាលទៅក្នុងសមុទ្រ។ ត្រីស្តង់ប្រមាណ ៥០ ០០០ក្បាល ក្នុងមួយឆ្នាំ។

MARDeC បានទទួលការគាំទ្របច្ចេកទេសពីកម្មវិធី CAPFISH ដល់បុគ្គលិកជំនាញ ហើយ អាចជួយផ្គត់ផ្គង់ពូជត្រីដែលមានគុណភាពល្អ ដល់វារីវប្បករកម្ពុជា ។ សកម្មភាពនេះអាចទាក់ទាញនិង បង្កើនវិនិយោគបន្ថែមក្នុងការបង្កាត់ និងភ្ញាស់ពូជ។

គួរបញ្ជាក់ថាកម្ពុជាសម្រេចបានការនាំចេញផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចចំនួនជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង៣,៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង ហើយកម្ពុជាក៏បាននាំចេញផលិតផលជលផលចំនួន៥០តោន ក្នុងឆ្នាំ២០២៣ និង៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ទីផ្សារប្រទេសចិន ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner