សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់សារមន្ទីរ នៅវត្តរាជបូណ៌ នឹងរួមចំណែកជួយសង្គមសេដ្ឋកិច្ចនៅខេត្តសៀមរាប

សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសាងសង់សារមន្ទីរ នៅ វត្តរាជបូណ៌នេះ នឹងរួមចំណែកជួយសង្គមសេដ្ឋកិច្ចនៅខេត្តសៀមរាប និងទូទាំងប្រទេស ជាពិសេសគឺការភ្ជាប់ទៅនឹងទេសចរណ៍វប្បធម៌ ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ដោយសារកត្តាសុខសន្តិភាព ទើបព្រលឹងដូនតារបស់យើងបានវិលត្រលប់មកវិញជាបណ្តើរៗហើយ។ យើងនឹងខិតខំធ្វើការងារនេះខណៈដែលវត្ថុបុរាណបានរាយប៉ាយ ខ្លះគេលួចទៅក្រៅប្រទេស ខ្លះត្រូវបែកបាក់ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រះសង្ឃ មន្ត្រីរាជរដ្ឋាភិបាល សប្បុរសជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ ។

ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ការសាងសង់សារមន្ទីរ នៅវត្តរាជបូណ៌នេះ គ្រោងចំណាយថវិកាចំនួន ១,០៣៩,៦៦០.៧៩ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។

អភិបាលខេត្តសៀមរាប បានបន្តថា គម្រោងប្លង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ជាស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដី និង ជាន់ទីមួយ) គូសដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ អត្ថប្រយោជន៍ នៃសារមន្ទីរវត្តរាជបូណ៌ គឺជាការរួបរួមកម្លាំងជាតិតែមួយ ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ រវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន មកកាន់តំបន់រមណីយដ្ឋាន នៃប្រទេសកម្ពុជា។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ពោរពេញទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប តាមរយៈវត្ថុ សិល្បៈ ប្រាសាទបុរាណ និងសិលាចារឹក ជាដើម។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានប្រមូលវត្ថុទាំងនោះ ពីគ្រប់ទីកន្លែង ដើម្បីថែរក្សាទុកតាមរយៈប្រជាពលរដ្ឋ ប្រគេនជាដើម ។ បច្ចុប្បន្ន វត្ថុសិល្បៈសរុបប្រមាណ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ ត្រូវបានប្រមូលរក្សាទុកនៅវត្តរាជបូណ៌ ខេត្តសៀមរាប។ សម្តេច សព្វព្រះទ័យប្រគល់វត្ថុទាំងនោះ ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីទុកជាសម្បត្តិវប្បធម៌របស់ជាតិ ដោយព្រះអង្គ មានបំណងស្នើសុំត្រឹមសាងសង់សារមន្ទីរមួយ នៅក្នុងវត្តរាជបូណ៌ ដើម្បីតាំងបង្ហាញវត្ថុសិល្បៈ ជូនសាធារណជន ចូលទស្សនា និងស្វែងយល់ ។

ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បានបន្តថា គោលបំណង នៃការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដើម្បីបំផុសស្មារតីឲ្យសិស្សានុសិស្ស អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្រលាញ់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ លើកតម្កើង ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់។ រក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ។

សូមជម្រាបថា វត្តរាជបូណ៌ ស្ថិតនៅតាមដងស្ទឹងសៀមរាបត្រើយខាងកើត ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងទីធ្លាវត្ត មានព្រះវិហារចាស់ ដែលមានគំនូរបុរាណ រឿងរាមកេរ្តិ៍ដ៏ល្អវិចិត្រនៅ លើផ្ទៃជញ្ជាំងខាងក្នុង ហើយនៅលើបង្អួចខាងក្រៅនីមួយៗ ក៏មានចម្លាក់លាន ដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដ៏រស់រវើកដូចគ្នា។ ភស្តុតាង ពីការវិភាគរូបថតពីលើអាកាសបង្ហាញថា ទីតាំងវត្តនេះ គឺស្ថិតនៅលើទីតាំងចាស់ ដែលអាចមានការប្រើប្រាស់ តាំងពីសម័យបុរាណ។ នៅទីធ្លាខាងកើតព្រះវិហារ មានស្នាមសណ្ឋាន ហើយនៅខាងកើតប្រមាណ១០០មែត្រ មានស្រះទឹកធំមួយដែលលក្ខណៈនេះ ដូចទៅនឹងរចនាសម្ព័ន្ធទូទៅ នៃទួល ឬប្រាសាទ ក្នុងសម័យបុរាណ។ នៅខាងកើតព្រះវិហារ មានសល់ក្លោងទ្វារចាស់មួយ ដែលមានទម្រង់សិល្បៈ ដូចនឹងបណ្តាវត្តចាស់ៗដទៃទៀតដែរ ។

ចំពោះសំណង់ដែលបានធ្វើការជួសជុល និងអភិរក្ស រួមមាន៖ ឆ្នាំ២០១៤ ជួសជុល សន្លឹកទ្វារ បង្អួច ពុទ្ធបដិមា បល្ល័ង្ក គំនូ, ឆ្នាំ២០១៩-ដល់២០២០ ជួសជុល និងអភិរក្ស ព្រះវិហារ, ឆ្នាំ២០២១-ដល់២០២២ ជួសជុល និងអភិរក្ស សាលាឆាន់ចាស់, ឆ្នាំ២០២៣ ជួសជុលរូបគំនូខាងក្នុងព្រះវិហារ។

សមិទ្ធផលនានារបស់វត្ត រួមមាន៖ ស្ថានីយវិទ្យុផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ (វិទ្យុផ្សាយព្រះធម៌), មជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ បង្រៀនចំណេះដឹងផ្នែករបាំ ដាប់ឆ្លាក់ គំនូរ ភ្លេងបុរាណ ស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លេងប្រពៃណី, ពុទ្ធិកវិទ្យាល័យរាជបូណ៌ សរុបសមណសិស្សចំនួន៣៨០រូប -សារមន្ទីរតូចមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា និងស្វែងយល់អំពីវប្បធម៌។

វត្តរាជបូណ៌ មានព្រះសង្ឃ ចំនួន ១០៤អង្គ, គណៈកម្មការ ចំនួន ១៨នាក់ និងអាចារ្យ ចំនួន ០៥នាក់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner