វីរកីឡាករ សាលី អ៊ូមើត ៖ អត្តពលិកកីឡាម៉ូតូទឹកកម្ពុជា និងក្រុមជាង បានត្រៀម យ៉ាង ល្អ នៅ World Series ជុំទី១

(ទីក្រុងប៊ែកឡាំង)៖ វីរកីឡាករ សាលី អ៊ូមើត បានបញ្ជាក់ ពីទឹកដីអាល្លីម៉ង់ថា ក្រុមកីឡាករ ជម្រើសជាតិម៉ូតូទឹកកម្ពុជា និងក្រុមជាង (Mechanic) បានត្រៀ មខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតកីឡាម៉ូតូទឹក World Series ជុំទី១ នៅប្រទេសប៉ូឡូញ។ ការបញ្ជាក់បែបនេះ គ្រាដែល វីរៈកីឡាករ សាលី អូម៊ើត បានដឹកនាំក្រុមកីឡាករម៉ូតូទឹកកម្ពុជា កំពុងហ្វឹកហាត់ នៅទីក្រុងប៊ែកឡាំង ទឹកដីអាល្លីម៉ង់ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

វីរកីឡាករ សាលី អ៊ូមើត អះអាងថា ជោគជ័យនៅការប្រណាំងកីឡាម៉ូតូទឹកជើងឯកអាស៊ី នៅជប៉ុន ជាចំនុចវិជ្ជមាន និងភាពខ្លាំងរបស់ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ឆ្ពោះទៅ Water Jet Ski World Series ជុំទី១ នៅប្រទេសប៉ូឡូញ ដែលប្រព្រឹត្តទៅថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ ជាមួយគ្នានេះកីឡាករឆ្នើមរបស់កម្ពុជារូបនេះ បានបង្ហាញការតាំងចិត្តដ៏មោះមុតថា ខ្លួននឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកពានរង្វាន់កម្រិតពិភពលោក (World Series) មកទឹកដីកម្ពុជាក្រោយបានត្រៀមខ្លួនយ៉ាងល្អ ដោយបានទៅដល់ទឹកដីអ៊ឺរ៉ុបធ្វើការហ្វឹកហាត់បន្សាំខ្លួនជាមុន ជាពិសេស កន្លែងប្រកួត អាកាសធាតុ និងបច្ចេកទេសផ្សេងៗ ទៅលើវិញ្ញាសាសំខាន់ៗ ដើម្បីតតាំងជាមួយកីឡាករខ្លាំង ដូចជា ជប៉ុន ថៃ អាមេរិក និងកីឡាករអឺរ៉ុបផ្ទាល់។ ប៉ុន្តែឧបសគ្គសម្រាប់កីឡាករកម្ពុជា គឺម៉ូតូទឹកមានសភាពចាស់ ដែលក្រុមជាងបានជួសជុលមួយយប់ទល់ភ្លឺ មិនបានដេក រហូតដល់ម៉ោងប្រកួតបាន ។

គួររម្លឹកថា ការចូលរួមប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ី នៅក្រុងអូសាកា ប្រទេសជប៉ុន កន្លងទៅ គឺក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាពិតជាទទួលបានលទ្ធផលល្អប្រសើរ ដោយកម្ពុជាបានបញ្ជូនកីឡាករទៅចូលរួមមានចំនួនតិចត្រឹម៥នាក់ ប៉ុន្តែកីឡាករយើងសុទ្ធតែទទួលបានលទ្ធផលល្អដូចៗគ្នា ហើយបានប្រកួតប្រជែងជាមួយកីឡាករខ្លាំងៗជាច្រើនប្រទេស។ ជាលទ្ធផល គឺម៉ូតូទឹកកម្ពុជាដណ្តើមបាន ចំណាត់ថ្នាក់លេខ១ (៣វិញ្ញាសា) ចំណាត់ថ្នាក់លេខ២ (១វិញ្ញាសា) និងចំណាត់ថ្នាក់លេខ៣ (១វិញ្ញាសា)។

សូមបញ្ជាក់ថា ប្រកួតកីឡាម៉ូតូទឹក World Series ជុំទី១ នៅប្រទេសប៉ូឡូញ កម្ពុជាបញ្ជូនកីឡា ៥នាក់ និងគ្រូបង្វឹក១ គ្រូជំនួយ១ និងប្រតិភូ២នាក់ មានវីរកីឡាករ សាលី អូម៉ើត, មីន ម៉ូស្តាន់, មីន អូស្មាន់, កៃវ៉ាន់ ស៊ីដែន និងកីឡាករសាលី ហ្វីលីន ។ រីឯជុំទី២ ប្រកួតនៅទឹកអាមេរិក ពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ និងជុំទី៣ ដែលជាជុំផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅប្រទេសថៃ នាថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤ជាមួយនឹងការប្រកួតជុំផ្តាច់ព្រ័ត្រនៃជើងឯកអាស៊ីនេះដែរ ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner