អង្គភាពប្រឆាំងអំពើពុករលួយកោតសរសើរអភិបាលខេត្តកំពតចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

(កំពត)៖ អង្គភាពប្រឆាំងអំពើពុករលួយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពត ដែលបានខិតខំដោះស្រាយដោយមិនមានការរារែក និងផ្អែកលើមូលដ្ឋានច្បាប់ យុត្តធម៌ សាក្សី និងភស្តុតាង។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពតបានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្នុងខេត្ត ជាបន្ត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

លោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយក៍បានពាំនាំ ប្រសាសន៍ផ្តាំផ្ញើរពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជូន ចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែដោះស្រាយរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ មិនថាមានឬក្រ ឋានៈតូចឬធំ ហើយការដោះស្រាយលើសំណុំរឿងមួយចំនួនគឺមានភាពល្អប្រសើជាងប្រព័ន្ធតុលាការ។ ជាមួយគ្នានេះដែរ ឯក ឧត្តម ក៏បានវាយតម្លៃខ្ពស់នូវគុណសម្បត្តិរបស់ឯកឧត្តមអភិបាលខេត្ត កំពតគឺជាអភិបាលខេត្តដំបូងបង្អស់មានភាពក្លាហានប្រឈមក្នុងការដោះស្រាយទំនាស់ដីធ្លីដែលជាបញ្ហាស្មុគស្មាញ ហើយធ្វើការដោះស្រាយដោយមិនមានការរារែក និងគេចវេះ។

លោកស្រី អ៊ូ សុីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ ក្នុងនាមជាសេនាធិការពិសេសជូនឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចបាននូវជោគជ័យក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកា។

ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានជិត ៣ពាន់ករណី ដែលការដោះស្រាយខ្លះត្រូវបានចុះទៅដោះស្រាយដល់មូលដ្ឋានក្រុង-ស្រុកផ្ទាល់ដោយមានការចូលរួមពីប្រជាពលរដ្ឋជាគូទំនាស់ ចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរដែនដី ពិសេសមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏ត្រូវបានទទួលស្គាល់ និងជំរុញឱ្យបន្តការដោះស្រាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានសាទរពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ។ សូមបញ្ជាក់ថាសម្រាប់ថ្ងៃនេះ អាជ្ញាធរខេត្តកំពតបានលើកយកករណីទំនាស់ចំនួន ១១ករណីមកធ្វើការដោះស្រាយ ដែលអាចនឹងប្រើប្រាស់ពេលវេលាពេញមួយថ្ងៃសម្រាប់ការដោះស្រាយបញ្ចប់៕

ដោយ ៖ សិលា សារិន

ads banner